ចោរកំពូលស៊យចូលលួចខ្សែកក្នុងហាងមាស ចៃដន្យជ្រុះអត្តសញ្ញាណប័ណ្ណនៅមុខហាងត្រូវប៉ូលិសទៅចាប់ខ្លួនដល់ផ្ទះភ្លាមៗ
ថៃ៖ ចោរកំពូលស៊យម្នាក់បានធ្វើសកម្មភាពលួចយកខ្សែកពីហាងលក់គ្រឿងអលង្ការមួយកន្លែងហើយបានជ្រុះអត្តសញ្ញាណប័ណ្ណនៅចំពីមុខហាងនោះតែម្តង ដែលកត្តានេះបានផ្តល់ភាពងាយស្រួលបំផុតសម្រាប់ប៉ូលិសក្នុងការតាមចាប់ខ្លួនរូបគាត់។ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ចោរអស់លក្ខណ៍រូបនេះមានឈ្មោះថា Pathompong Suknane អាយុ ៣៤ ឆ្នាំ និងបានធ្វើសកម្មភាពលួចខ្សែកពីហាងលក់គ្រឿងអលង្ការមួយកន្លែងនៅក្នុងក្រុងបាងកក ប្រទេសថៃ។

តាមវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា លោក Pathompong Suknane ដែលមានមុខរបរប្រចាំថ្ងៃជាអ្នកដឹកជញ្ជូនអាហារឲ្យគេនោះបានពាក់មួកនិងម៉ាស់យ៉ាងជិតមុនពេលបន្លំខ្លួនធ្វើជាអ្នករកទិញខ្សែក ហើយខណៈដែលគាត់កំពុងតែមើលពិនិត្យមើលខ្សែកចុះឡើងៗនោះ គាត់ក៏បានយកខ្សែករត់ចេញ ពីហាងតែម្តង។ យ៉ាងណក្តី ក្នុងពេលដែលគាត់រត់គេចនោះអត្តសញ្ញាណប័ណ្ណរបស់គាត់បានជ្រុះចេញពីក្នុងខ្លួនគាត់ ហើយ ២ ម៉ោងក្រោយមកប៉ូលិសក៏បានទៅចាប់ខ្លួនគាត់ដល់ផ្ទះតែម្តងជាមួយនឹងវត្ថុតាំងគឺខ្សែកចំនួន ២ ខ្សែ ដែលគាត់បានលួចយកទៅមិនទាន់បានលក់ផង៕
អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post