ដឹងទេថា ខ្ទឹមស មិនមែនត្រឹមតែជាគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាជំនួយការដ៏អស្ចារ្យក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក!
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្រងាយៗមួយចំនួនក្នុងការប្រើប្រាស់ខ្ទឹមសដើម្បីទទួលបានសារៈប្រយោជន៍ច្រើនផ្សេងទៀត ក្រៅពីត្រឹមយកមកធ្វើជាគ្រឿងផ្សំបន្ថែមរសជាតិអាហារ ៖
១. ជួសជុលកែវ ៖ ខ្ទឹមស គឺជាបង់ស្អិតបែបធម្មជាតិ។ នោះ គឺមានន័យថាអ្នកអាចប្រើប្រាស់ជាតិទឹកស្អិតៗចេញពីខ្ទឹមសជាកាវដើម្បីបិតភ្ជាប់វត្ថុដែលមានសភាពស្រួយងាយនឹងបែកបាក់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬបុកកំទេចខ្ទឹមសប៉ុន្មានកំពឹសដើម្បីទទួលបានជាតិទឹកស្អិតៗដែលដើរតួនាទីជាភ្នាក់ងារបិតភ្ជាប់ដ៏ល្អ។

២. កាត់បន្ថយអាការៈឈឺធ្មេញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ទឹមសមកដុសពីលើធ្មេញដែលកំពុងឈឺ។ វិធីនេះជួយកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ វាជាការសំខាន់ដែលអ្នកគួរចាំទុកក្នុងចិត្តថា ខ្ទឹមស គឺមិនអាចនឹងជួយព្យាបាលធ្មេញដែលពុកខូចបានឡើយ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវការឈឺចាប់ខ្លាំងនោះ ការណាត់ជួបពិនិត្យជាមួយទន្តពេទ្យ គឺជាវិធីដ៏ល្អប្រសើរបំផុត។

៣. ផលិតផលលាងសម្អាតស្បែកមុខ ៖ ខ្ទឹមស គឺជាផលិតផលថែរក្សាស្បែកបែបធម្មជាតិ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងនឹងមេរោគបាក់តេរី ក៏ដូចជារោគផ្សិតថែមទៀតផង។ ដូច្នេះមានន័យថា ខ្ទឹមស គឺមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងនឹងរោគមុន ស្នាមមុន ជំងឺស្បែកផ្សេងៗ រួមទាំងបញ្ហាអាឡែកស៊ីផងដែរ។ មានវិធី ២ យ៉ាងក្នុងការប្រើប្រាស់ខ្ទឹមស ដោយវិធីទី ១ នោះ គឺអ្នកអាចលាបខ្ទឹមសផ្ទាល់លើស្បែកតែម្ដងក៏បាន (ដុសផ្ទៃជាមួយនឹងស្រទាប់ស្ដើងមួយនៃខ្ទឹមសទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា)។ ចំណែកវិធីទី ២ នោះ គឺការទទួលទានខ្ទឹមស។

៤. ព្យាបាលរោគផ្សិតលើប្រអប់ជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្ទឹមសប៉ុន្មានកំពឹស ឬចំនួនសមល្មមចូលក្នុងទឹកក្ដៅ ហើយត្រាំជើងរបស់អ្នកក្នុងទឹកនេះសម្រាប់រយៈពេល ៣០ នាទី។
៥. បញ្ឈប់ការឆ្លងមេរោគក្នុងត្រចៀក ៖ ការឈឺត្រចៀក ឬបញ្ហានៃការឆ្លងមេរោគក្នុងត្រចៀកជាធម្មតាត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែវាក៏អាចព្យាបាលបានសះស្បើយតាមរយៈការប្រើប្រាស់ខ្ទឹមសផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់ខ្ទឹមសដើម្បីចម្រាញ់យកប្រេងខ្ទឹមស។ កម្ដៅប្រេងខ្ទឹមនេះបន្តិចសិន
សឹមបន្ថែមវាប៉ុន្មានដំណក់ចូលក្នុងបំពង់កែវ ហើយបន្ទាប់មកបន្តក់វាចូលក្នុងត្រចៀក។ បើទោះជាការប្រើប្រាស់ខ្ទឹមសមានប្រសិទ្ធិភាពល្អក៏ដោយ ដើម្បីជាការប្រសើរអ្នកគួរធ្វើការជួបពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

៦. ជួយយកចេញនូវបំណែក ឬកំទេចតូចៗដែលមុតជាប់ក្នុងស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតខ្ទឹមសមួយបន្ទះស្ដើងលើកំទេច ឬបំណែកតូចដែលជាប់ក្នុងស្បែក បន្ទាប់មកប្រើប្រាស់បង់បិតដំបៅបិតទប់ ហើយទុកចោលសម្រាប់រយៈពេល ១យប់ជាការស្រេច។ នៅព្រឹកបន្ទាប់ អ្នកនឹងសម្គាល់ឃើញថាកំទេចនោះមិនជាប់ក្នុងស្បែកទៀតឡើយ។

៧. ភ្នាក់ងារបណ្ដេញសត្វល្អិត ៖ សត្វល្អិតគួរឲ្យរំខានផ្សេងដូចជា មូស ជាដើម គឺមិនចូលចិត្តក្លិននៃខ្ទឹមសឡើយ។

៨. នុយត្រី ៖ ក្លិននៃខ្ទឹមស គឺទាក់ទាញត្រី។ ជាពិសេសប្រសិនបើអ្នកស្ទូចត្រីក្នុងបឹង ឬទន្លេ និយាយឲ្យងាយស្ដាប់ គឺនៅតំបន់ទឹកសាប។

៩. ថែរក្សាសក់ ៖ ខ្ទឹមសមានផ្ទុកនូវសារធាតុ allicin ក្នុងកម្រិតខ្ពស់ដែលប្រយោជន៍បំផុតដើម្បីកម្ចាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងអង្គែស្បែកក្បាល។ វាក៏ជួយកាត់បន្ថយបញ្ហាជ្រុះសក់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ខ្ទឹមសប៉ុន្មានបន្ទះ ឬចំណិតដុសលើស្បែកក្បាលរបស់អ្នក ឬប្រើប្រាស់ប្រេងខ្ទឹមសលាបម៉ាស្សាលើតំបន់ដែលមានបញ្ហា និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសិន សឹមលាងសម្អាតចេញ៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside