ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចៅក្រមនៅរដ្ឋ Michigan និង Georgia បានច្រានចោលបណ្ដឹងពីក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ជុំវិញការចោទប្រកាន់អំពីការក្លែងបន្លំ

    BY autoadmin November 6, 2020
    ចៅក្រមនៅរដ្ឋ Michigan និង Georgia បានច្រានចោលបណ្ដឹងពីក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ជុំវិញការចោទប្រកាន់អំពីការក្លែងបន្លំ

    រហូតមកទល់ពេលនេះសហរដ្ឋអាមេរិកនៅតែមិនទាន់ប្រកាសថា នរណាជាប្រធានាធិបតីថ្មីរបស់ខ្លួននៅឡើយទេ បើទោះបីជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន កំពុងឈ្នះបានសំឡេងច្រើនជាងលោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ។ ម្នាក់ក្នុងចំណោមពួកគេត្រូវការសំឡេងច្រើនជាង ២៧០ ដើម្បីក្លាយជាប្រធានាធិបតីថ្មីពេញលេញ ហើយសន្លឹកឆ្នោតនៅរដ្ឋមួយចំនួនក៏កំពុងត្រូវបានរាប់បន្ដផងដែរ។ ជាក់ស្ដែងចាប់តាំងពីលោក ដូណាល់ ត្រាំ បានចាញ់សំឡេងយ៉ាងច្រើននៅក្នុងការបោះឆ្នោតលើកនេះ លោកបានចោទប្រកាន់លើដំណើរការបោះឆ្នោតនេះថា មានការក្លែងបន្លំ ទាំងដែលការពិតគាត់មិនទាន់មានភស្ដុតាងណាមួយយកមកអះអាងឡើយ។

    ឆ្លើយតបចំពោះការចោទប្រកាន់ដោយគ្មានភស្ដុតាង និងទាមទារឱ្យមានការផ្អាកការរាប់សន្លឹកឆ្នោតពីលោក ដូណាល់ ត្រាំ និងក្រុមយុទ្ធនាការរបស់លោក ទាំងចៅក្រមនៅរដ្ឋ Michigan និង Georgia បានច្រានចោលបណ្តឹងទាំងអស់ពីក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ហើយចៅក្រមគ្រោងនឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរនៅពេលក្រោយៗទៀត។ ជម្រាបដែរថារដ្ឋ Michigan និង Georgia គឺជារដ្ឋសមរភូមិ នៅក្នុងដំណើរការដណ្ដើមយក ២៧០សំឡេង ដោយសារថារដ្ឋទាំង ២ នេះជារដ្ឋក្នុងចំណោមរដ្ឋសំខាន់ៗដែលមានសំឡេងច្រើន។ បច្ចុប្បន្នលោក ចូ បាយដិន កំពុងតែនាំមុខលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេង ២៦៤ ទល់នឹង ២១៤ ។ ពោលគឺនៅសល់តែ ៦សំឡេង ទៀតប៉ុណ្ណោះ ដែលលោក ចូ បាយដិន ត្រូវការដើម្បីក្លាយជាប្រធានាធិបតី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: