លោក Joe Biden បានប្រកាសបង្កើតសមាជិកនៃក្រុមការងារមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់អាមេរិកលោក Joe Biden បានប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈដែលគាត់កំពុងត្រៀមខ្លួនក្នុងការផ្ទេរអំណាចជាផ្លូវការ។ កាលពីថ្ងៃច័ន្ទនេះលោក Biden បានប្រកាសថា លោកនឹងចាត់តាំងអ្នកជំនាញចំនួន ១៣នាក់ សម្រាប់ក្រុមការងាររាតត្បាត ដែលពួកគេនឹងត្រូវផ្ដល់ការណែនាំឱ្យគាត់។ លោកបាននិយាយថា នៅពេលការបោះឆ្នោតបានចប់ហើយ លោកនឹងបង្រួបបង្រួមជនជាតិអាមេរិកឡើងវិញ ក្នុងគោលដៅរួមគ្នានៅក្នុងការកម្ចាត់ជំងឺ COVID-19 នេះ។

លោក Biden បានបន្ថែមទៀតថា៖«វាមិនសំខាន់ថាអ្នកបានបោះឆ្នោតឱ្យអ្នកណា នៅខាងណាមុនថ្ងៃបោះឆ្នោតនោះទេ។ យើងអាចជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់បាន ប្រសិនបើមនុស្សគ្រប់គ្នាគ្រាន់តែពាក់ម៉ាស់»។ ក្នុងនោះផងដែរលោក Biden បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដាគឺលោក Justin Trudeau ហើយមេដឹកនាំទាំង ២ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ចំណែកលោក ដូណាល់ ត្រាំ ឯណោះវិញបានប្រកាសនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃច័ន្ទថា លោកបានដកតំណែងលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិ ប៉ុន្តែប្រធានាធិបតីជិតអស់អំណាចរូបនេះមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា ការផ្ទេរអំណាចជាផ្លូវការអាចនឹងត្រូវពន្យារពេល នៅពេលដែលមន្រ្តីជាន់ខ្ពស់នៅក្នុងការិយាល័យរដ្ឋាភិបាលសហព័ន្ធ មិនបានចុះហត្ថលេខាលើឯកសារចាំបាច់សម្រាប់ដំណើរការនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK