ក្តីសង្ឃឹមថ្មី! ក្រុមហ៊ុនឱសថយក្សអាមេរិកមួយប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សក្តានុពលរបស់ខ្លួន ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពច្រើនជាង ៩០% នៅក្នុងការវិភាគបណ្តោះអាសន្នមួយ។ ជាក់ស្ដែងក្រុមហ៊ុន Pfizer កាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយនូវការវិភាគប្រសិទ្ធភាពបណ្តោះអាសន្នដំបូងរបស់វ៉ាក់សាំង ដែលត្រូវបានធ្វើឡើងដោយគណៈកម្មាធិការត្រួតពិនិត្យទិន្នន័យឯករាជ្យ។

វ៉ាក់សាំងដែល Pfizer កំពុងអភិវឌ្ឍរួមគ្នាជាមួយ BioNTech របស់អាឡឺម៉ង់មួយនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ការសិក្សារបស់វាមានអ្នកចូលរួមចំនួន ៤៣,៥៣៨ នាក់ និង ៩៤ ករណីនៃអ្នកជំងឺ COVID-19 ។ វាបាននិយាយថា៖ «ករណីនេះត្រូវបានបែងចែករវាងបុគ្គលដែលបានចាក់វ៉ាក់សាំង និងអ្នកដែលបានទទួលការប្រើថ្នាំ placebo ដែលបង្ហាញពីអត្រាប្រសិទ្ធភាពនៃវ៉ាក់សាំងលើសពី ៩០%»។

ក្រុមហ៊ុន Pfizer បានលើកឡើងថា អត្រាប្រសិទ្ធភាពអាចនឹងផ្លាស់ប្តូរពីព្រោះការសាកល្បងនៅតែបន្ត។ ប៉ុន្តែបាននិយាយថា ខ្លួនគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកានេះ។ ក្រុមហ៊ុន Pfizer រំពឹងថា នឹងផលិតបានវ៉ាក់សាំងទូទាំងពិភពលោករហូតដល់ ៥០ លានដូស នៅឆ្នាំ២០២០ និងរហូតដល់ ១.៣ ពាន់លានដូស ក្នុងឆ្នាំ២០២១។

ប្រធានអង្គការសុខភាពពិភពលោក ក៏បានស្វាគមន៍ការវិភាគរបស់ក្រុមហ៊ុន Pfizer ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានសរសេរនៅក្នុង Twitter កាលពីថ្ងៃច័ន្ទថា ស្ថាប័នពិភពលោកស្វាគមន៍ចំពោះព័ត៌មានដ៏ល្អនេះ។ លោកបានសរសេរថា អង្គការសុខភាពពិភពលោកសូមគោរពដល់អ្នកវិទ្យាសាស្ត្រ និងដៃគូទាំងអស់ នៅជុំវិញពិភពលោក ដែលកំពុងអភិវឌ្ឍឧបករណ៍ថ្មី ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកម្ចាត់ជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand