សហរដ្ឋអាមេរិកនឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៥០គ្រឿង ឱ្យទៅប្រទេសអារ៉ាប់រួម
រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 រហូតដល់ ៥០គ្រឿង ទៅឱ្យប្រទេសអារ៉ាប់រួម។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងលក់យន្តហោះចម្បាំងបំបាំងកាយ យន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពផ្ទុកមីស៊ីល និងអាវុធផ្សេងទៀតឱ្យទៅប្រទេសអារ៉ាប់រួម ខណៈកញ្ចប់ទាំងនេះមានតម្លៃជាង ២៣.៣៧ ពាន់លានដុល្លារ។

ក្រសួងការបរទេសបាននិយាយថា សត្រូវរបស់សហរដ្ឋអាមេរិកជាពិសេសនៅអ៉ីរ៉ង់ នឹងមិនបញ្ឈប់ការរំខានដល់កិច្ចព្រមព្រៀងទំនាក់ទំនងធម្មតារវាងអារ៉ាប់រួម និងអ៉ីស្រាអែលឡើយ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ការលក់នេះនឹងធ្វើឱ្យយោធារបស់ប្រទេសអារ៉ាប់រួមមានសមត្ថភាព និងអាចទំនាក់ទំនងបានជាមួយយោធានៃដៃគូរបស់សហរដ្ឋអាមេរិក។
រំលឹកដែរថានៅខែសីហាប្រទេសអារ៉ាប់រួម និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាឡើងវិញ ដោយមានការជ្រោមជ្រែងពីរដ្ឋបាលលោក ដូណាល់ ត្រាំ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងមជ្ឈឹមបូព៌ាខ្លះបានបង្ហាញទស្សនៈថា រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តលក់យន្ដហោះចម្បាំងទៅឱ្យអារ៉ាប់រួមនេះ គឺដើម្បីឱ្យកិច្ចព្រមព្រៀងនោះមានផ្លែផ្កា។
ទោះយ៉ាងណារដ្ឋបាលត្រូវតែទទួលបានការយល់ព្រមពីសភាដើម្បីលក់អាវុធ ខណៈសមាជិកសភាគណបក្សប្រជាធិបតេយ្យបានប្រឆាំងផែនការនេះ។ អ្នកខ្លះនិយាយថា ការប្រញាប់ប្រញាល់ការលក់ តាមរយៈពេលវេលាដែលនៅសល់របស់លោក ដូណាល់ ត្រាំ នៅក្នុងតំណែងជាប្រធានាធិបតី អាចធ្វើឱ្យអន្តរាយដល់យោធាអ៉ីស្រាអែលនៅមជ្ឈឹមបូព៌ា និងធ្វើឱ្យខូចស្ថិរភាព៕


អត្ថបទ៖ លីដា
ប្រភព៖ NHK