ភូមិចំនួន ២ នៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសជាតំបន់រាតត្បាតជំងឺសត្វ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺជ្រូកត្រចៀកខៀវ (PRRS)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ថា ភូមិចំនួន ២ នៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសថាជាតំបន់រាតត្បាតជំងឺសត្វជ្រូក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងតំបន់មួយចំនួន បានស្លាប់ដោយសារជំងឺជ្រូកត្រចៀកខៀវ (PRRS)។ ការិយាល័យបសុសត្វខេត្តស្ថិតក្រោមក្រសួងកសិកម្មនៅខេត្តស្រះកែវភាគខាងកើត បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើការសម្រេចចិត្តប្រកាសភូមិ Ban Kok Khaonieu និងភូមិ Ban Nong Klam ដែលស្ថិតនៅក្នុងស្រុក Khao Chakan ថាជាតំបន់រាតត្បាតជំងឺសត្វជ្រូក។

យោងតាមការិយាល័យបានឱ្យដឹងថា ខ្លួនបានបញ្ជាឱ្យចាប់សត្វជ្រូកចំនួន ៦០០ក្បាល នៅតាមភូមិសម្រាប់ជាជំហានត្រៀមបង្ការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺជ្រូកប្រភេទនេះ។ ជ្រូកចិញ្ចឹមទាំងអស់នៅក្នុងភូមិទាំង ២ ដែលនៅសេសសល់ ត្រូវបានសម្លាប់មេរោគចោលទាំងអស់។ អ្នកបង្កាត់ពូជជ្រូកនៅក្នុងស្រុកដែលរងផលប៉ះពាល់ ក៏ត្រូវបានណែនាំឱ្យឃ្លាំមើលសត្វរបស់ពួកគេ និងរាយការណ៍ភ្លាមៗនៅពេលសត្វជ្រូកធ្លាក់ខ្លួនឈឺ ឬមានអាកប្បកិរិយាចម្លែក។
អ្នកបង្កាត់ពូជជ្រូកក្នុងស្រុកក៏ត្រូវបានណែនាំមិនឱ្យសម្លាប់សត្វ ឬផ្លាស់ប្តូរជ្រូកឈឺទៅកន្លែងផ្សេងទៀតដែរ ដើម្បីឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតបន្ថែម។ យ៉ាងណាក៏ដោយលោក Sorawit Thaneeto អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃក្រសួងកសិកម្មបានមានប្រសាសន៍ថា ជំងឺ PRRS មិនបង្កការគំរាមកំហែងដល់មនុស្សទេ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ