សហគមន៍អឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០០ លានដូស ពីក្រុមហ៊ុន Pfizer
គណៈកម្មការអឺរ៉ុបបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធថា សហគមន៍អឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣០០ លានដូស ដែលវ៉ាក់សាំងនេះកំពុងបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។ ក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបនឹងទិញថ្នាំចំនួន ២០០ លានដូស ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមរហូតដល់ ១០០ លានដូស ថែមទៀត។ ជម្រាបដែរថានេះជាកិច្ចព្រមព្រៀងទី៤ហើយ ដែលអឺរ៉ុបបានចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19។

ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen បានមានប្រសាសន៍ថា នៅពេលដែលវ៉ាក់សាំងត្រូវបានអនុញ្ញាតរួចរាល់ ពួកវានឹងនាំយើងឱ្យទៅរកដំណោះស្រាយប្រកបដោយចីរភាព។ ចំណែកក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងរបស់ខ្លួនត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពជាង ៩០% ក្នុងការបង្ការជំងឺ COVID-19 នៅក្នុងរបាយការណ៍បណ្តោះអាសន្ននៃការសាកល្បងគ្លីនិក។ ដូច្នេះក្រុមហ៊ុនរំពឹងថានឹងអាចផលិតបានរហូតដល់ ៥០លានដូស ក្នុងឆ្នាំ២០២០ និងរហូតដល់ ១.៣ ពាន់លានដូស ក្នុងឆ្នាំ២០២១៕


អត្ថបទ៖ លីដា
ប្រភព៖ NHK