WHO បាននិយាយថា ករណីជំងឺកញ្ជ្រិលក្នុងឆ្នាំ២០១៩ មានជិត ៨៧០ ០០០ ករណី ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២ ទសវត្សកន្លងមកនេះ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ចំនួនករណីជំងឺកញ្ជ្រិលនៅជុំវិញពិភពលោកបានកើនឡើងដល់ជិត ៨៧០ ០០០ ករណី កាលពីឆ្នាំមុន ដែលនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេលប្រហែលពីរទសវត្សកន្លងមក។ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំងឺកញ្ជ្រិលចំនួន ៨៦៩ ៧៧០ ករណី ត្រូវបានបញ្ជាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ ខណៈមានមនុស្សចំនួន ២០៧ ៥០០ នាក់ បានស្លាប់ដោយសារវា។ ចំនួនឆ្លងសរុបឆ្នាំមុននេះគឺជាចំនួនឆ្លងច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩៦ នៅពេលដែលវាបានចាប់ផ្ដើមថយចុះមកវិញ។

អង្គការនេះបាននិយាយថា ការផ្ទុះដ៏ធំចុងក្រោយគឺនៅក្នុងប្រទេសចំនួន ៩ រួមមាន៖ ហ្សកហ្ស៊ី ម៉ាសេដូនខាងជើង និងសាម័រ បន្ថែមលើទ្វីបអាហ្រ្វិកដែលជំងឺនេះបានរីករាលដាលរួចស្រេចទៅហើយ។ WHO ក៏លើកឡើងពី «ការបរាជ័យក្នុងការចាក់វ៉ាក់សាំងលើកុមារឱ្យទាន់ពេលវេលា» ខណៈយូនីសេហ្វព្រមានថា ជំងឺរាតត្បាត COVID-19 បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែចង្អៀត ដែលបណ្តាលឱ្យខ្វះបុគ្គលិកដើម្បីចាក់វ៉ាក់សាំង។
ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ឪពុកម្តាយកំពុងចៀសវាងពីការចាក់វ៉ាក់សាំងឱ្យកូនៗរបស់ពួកគេ ដោយសារភ័យខ្លាចថាពួកគេអាចឆ្លងជំងឺ COVID-19 អំឡុងពេលនេះ។ អង្គការសុខភាពពិភពលោកបាននិយាយថា «រហូតមកដល់ខែវិច្ឆិកាប្រជាជនជាង ៩៤ លាននាក់ ប្រឈមនឹងហានិភ័យនៃការគ្មានវ៉ាក់សាំង ដោយសារតែយុទ្ធនាការបញ្ឈប់ជំងឺកញ្ជ្រិលនៅក្នុងប្រទេសចំនួន ២៦ ត្រូវបានផ្អាក» អង្គការនេះក៏កំពុងអំពាវនាវឱ្យរដ្ឋាភិបាលនានា ធ្វើចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រិលឱ្យបានគ្រប់គ្នាផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK