ក្រុមបាតុករនិស្សិតថៃនឹងធ្វើការស្នើឱ្យលោក ប្រាយុទ្ធ ចាន់អូចា ឱ្យចុះចេញពីតំណែងសារជាថ្មីម្ដងទៀត នៅក្នុងមហាបាតុកម្មនៅថ្ងៃស្អែកនេះ
តាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា សកម្មជននិស្សិតមួយក្រុមដែលមានឈ្មោះថា «Bad Students» បានបញ្ជាក់ពីផែនការនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន នៅក្នុងទីក្រុងបាងកកនៅថ្ងៃស្អែកនេះ ដោយពួកគេនឹងអំពាវនាវម្តងទៀតឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងភ្លាម។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំ មុនពេលពួកគេឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យ។

គេរំពឹងថាក្រុមបាតុករនឹងបញ្ជាក់ម្តងទៀតនូវការទាមទារសំខាន់ៗចំនួន ៣ របស់ពួកគេ គឺការលាលែងពីតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា កែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ និងការកែទម្រង់របបរាជានិយម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ពីការប្រមូលផ្តុំនេះ ក្រុមបាតុករនិយាយថាព្រឹត្តិការណ៍ថ្ងៃស្អែកគឺជាព្រឹត្តិការណ៍ឈានមុខមួយ ហើយនឹងមានការតវ៉ាធំជាងថ្ងៃស្អែកទៅទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។
យ៉ាងណាប៉ូលីសក្រុងបាងកកក៏បាននិយាយដែរថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់ការប្រមូលផ្តុំនៅថ្ងៃស្អែកនេះ ដោយពួកគេនឹងត្រូវដាក់ពង្រាយមន្ត្រីស្រីបន្ថែមទៀត ដើម្បីជួយក្នុងវិធានការណ៍គ្រប់គ្រងហ្វូងមនុស្ស។ អ្នកនាំពាក្យលោក Yingyot Thepchamnong មានប្រសាសន៍ថា ខណៈនិស្សិតមានសិទ្ធិក្នុងការបញ្ចេញមតិនយោបាយ ពួកគេមិនត្រូវបំពានអ្វីលើសពីច្បាប់កំណត់ឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger