ហ្វីលីពីនកំពុងរងការវាយប្រហារដោយព្យុះទីហ្វុង Vamco ដែលបណ្ដាលឲ្យមនុស្ស ១១ នាក់ស្លាប់ និង ៩នាក់បាត់ខ្លួន
ហ្វីលីពីន៖ ព្យុះទីហ្វុងថ្មីមួយទៀតបានវាយប្រហារទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃម្សិលមិញនេះ ខណៈរបាយការណ៍បឋមបានឲ្យដឹងថាឥទ្ធិពលនៃព្យុះកំណាចមួយនេះ បានធ្វើឲ្យពលរដ្ឋហ្វីលីពីនចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត និង ៩នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ព្យុះមួយនេះត្រូវបានគេហៅថាព្យុះទីហ្វុង Vamco ដែលបានបោកបក់ក្នុងល្បឿន ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះក៏បានវាយប្រហារទៅលើកោះ Luzon ដែលជាកោះដ៏ធំបំផុតរបស់បហ្វីលីពីនផងដែរ។ Vamco វាគឺជាព្យុះទី៣ ហើយដែលបានវាយប្រហារហ្វីលីពីន នាពេលថ្មីៗចុងក្រោយនេះ។

ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ផ្លូវថ្នល់ជាច្រើនត្រូវបានលេបត្របាក់ដោយជំនន់ទឹកភ្លៀង តំបន់មួយចំនួនត្រូវរងនូវបញ្ហាបាក់ស្រុតដី។ ស្ថានភាពអាក្រក់នេះត្រូវបានគេមើលឃើញថា នឹងមានពលរដ្ឋហ្វីលីពីនប្រមាណជា ១២ លាននាក់ ដែលនឹងត្រូវរងនូវការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីឥទ្ធិពលនៃខ្យល់ព្យុះមួយនេះ។ ឆ្លើយតបនឹងគ្រោះធម្មជាតិមួយនេះ អាជ្ញាធរហ្វីលីពីនរួមជាមួយនឹងកាកបាទក្រហមហ្វីលីពីនបានធ្វើការងាររួមគ្នាយ៉ាងសកម្មដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះ ហើយគិតមកទល់នឹងពេលនេះគឺមានពលរដ្ឋប្រមាណជា ១៨០ ០០០ នាក់ហើយ ដែលត្រូវបានគេជួយជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
សាលារៀនជាច្រើនដែលត្រូវបានគេបិទទ្វារតាំងពីមានវិបត្តិ COVID-19 មកនោះ ក៏ត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់ឲ្យពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងស្នាក់នៅជាបណ្ណោះអាសន្ន។ ទន្ទឹមគ្នានេះអាជ្ញាធរហ្វីលីពីនបានអំពាវនាវឲ្យពលរដ្ឋដែលមិនទាន់រងគ្រោះធ្ងន់ធ្ងរផ្សេងទៀត ត្រូវប្រយ័ត្នខ្លួន ឬពិចារណាក្នុងការជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាពឲ្យហើយ ព្រោះថាព្យុះនឹងបង្កឲ្យមានជំនន់ទឹកភ្លៀងនិងបញ្ហាបាក់ស្រុតដីជាច្រើនថ្ងៃបន្ថែមទៀត៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia