ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសជប៉ុននិងកូរ៉េខាងត្បូងសន្យាផ្តល់ប្រាក់ ៥៧ លានដុល្លារ សម្រាប់ការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍អាស៊ាន

    BY autoadmin November 13, 2020
    ប្រទេសជប៉ុននិងកូរ៉េខាងត្បូងសន្យាផ្តល់ប្រាក់ ៥៧ លានដុល្លារ សម្រាប់ការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍អាស៊ាន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានសន្យាផ្តល់ប្រាក់ចំនួន ៥៧ លានដុល្លារ ដល់សហគមន៍អាស៊ាន សម្រាប់ទប់ទល់ និងឆ្លើយតបជាមួយជំងឺ COVID-19 នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ៥០ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន (AC-PHEED) និង ១ លានដុល្លារ សម្រាប់មូលនិធិឆ្លើយតបជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៣ ។

    នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានប្រកាសការបង្កើត AC-PHEED នៅឯកិច្ចប្រជុំ ដោយបន្ថែមថាវានឹងជួយបង្កើនសមត្ថភាពវេជ្ជសាស្រ្ត និងការសម្របសម្រួលរបស់ប្រទេសនីមួយៗ និងប្លុកក្នុងករណីមានការផ្ទុះឡើងនៃជំងឺ។ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ក៏បានសាទរចំពោះការបង្កើត AC-PHEED ហើយសន្យាថានឹងជួយធ្វើប្រតិបត្តិការនេះ។

    កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ១ លានដុល្លារ ដល់មូលនិធិ និងឧបករណ៍វេជ្ជសាស្ត្រមានតម្លៃ ៥ លានដុល្លារ ដើម្បីជួយដល់សមាជិកអាស៊ានប្រយុទ្ធប្រឆាំង និងងើបឡើងវិញពីជំងឺ COVID-19 ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២១ ប្រធានាធិបតីលោក Moon Jae-in បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈធ្វើការជាមួយអាស៊ាន ដើម្បីជំនះរាល់បញ្ហាប្រឈមដែលបានកើតឡើងដោយជំងឺ COVID-19។

    អាស៊ានបានស្នើសុំការគាំទ្រជាបន្តសម្រាប់ការផ្តួចផ្តើមគំនិតបង្ការជំងឺ ដូចជាការផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងតំបន់អាស៊ាន។ ភាគីទាំង ២ ក៏បានព្រមព្រៀងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត COVID-19 ជាពិសេសផ្តោតលើការអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធិភាព និងធ្វើឱ្យប្រាកដថាប្រជាជនអាចទទួលបានវ៉ាក់សាំងនេះ។ កិច្ចប្រជុំកំពូលទាំង ២ ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: