ថៃកំពុងពិចារណាគម្រោងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសពី ១៤ថ្ងៃមកសល់ត្រឹម ១០ថ្ងៃ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងនាំយកគម្រោងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវបរទេសត្រូវធ្វើមុននឹងអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃ ទៅពិភាក្សានិងសូមសេចក្តីសម្រេចពីមជ្ឈមណ្ឌលគ្របគ្រង់ជំងឺកូវីដ ១៩ នៅសប្តាហ៍ក្រោយនេះហើយ។ ការបង្ហើបឲ្យដឹងពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃ ក្នុងឱកាសដែលលោកបានអញ្ជើញទៅបើកសិក្ខាសាលាមួយក្រោមប្រធានបទ “ការរស់ដោយភាពឆ្លាតវៃជាមួយនឹងជំងឺកូវីដ ១៩” ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញនេះ។

លោក Anutin Charnvirakul
លោក Anutin Charnvirakul បានបញ្ជាក់ថា៖ “ឆ្លងតាមបទពិសោធន៍ដែលយើងធ្លាប់បានធ្វើការងារជាមួយនឹងអ្នកជំងឺកូវីដ ១៩ នាពេលកន្លងមក យើងមានទំនុងចិត្តយ៉ាងខ្ពស់ថា ជំងឺកូវីដ ១៩ នឹងបញ្ចេញរោគសញ្ញាឲ្យឃើញច្បាស់នៅក្នុងរយៈពេលត្រឹម ១០ ថ្ងៃប៉ុណ្ណោះ ដូចនេះហើយយើងមិនចាំបាច់ចំណាយពេលរហូតដល់ ១៤ ថ្ងៃនោះទេ”។ លោកបានបន្តថា៖ “ការបន្ថយចំនួនថ្ងៃនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈឡើយ ផ្ទុយទៅវិញវាបានផ្តល់នូវការចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនចំពោះសមីខ្លួនដែលត្រូវធ្វើចក្តាឡីស័កផ្ទាល់ផង និងចំពោះអាជ្ញាធរសុខាភិបាលផងដែរ។ យ៉ាងណាក្តីលោកបានសង្កត់ធ្ងន់ថា វិធានការកាន់បន្ថយចំនួនថ្ងៃធ្វើចក្តាឡីស័កនេះគឺសម្រាប់អនុវត្តចំពោះតែភ្ញៀវបរទេសណាដែលធ្វើដំណើរមកពីប្រទេសមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ ១៩ ក្នុងកម្រិតទាបប៉ុណ្ណោះ ហើយអ្នកដំណើរមកពីប្រទេសមានការរាតត្បាតខ្លាំងនឹងត្រូវធ្វើចក្តាឡីស័កចំនួន ១៤ ថ្ងៃដដែល៕

អត្ថបទ៖ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍