ក្មេងស្រីវ័យ១៣ឆ្នាំត្រូវបង្ខំឲ្យរៀបការ និងក្លាយជាប្រពន្ធទី ៥ របស់បុរសវ័យ៤៨ឆ្នាំម្នាក់ ហើយរៀបការរួចនាងនឹងត្រូវមើលថែកូនមុនរបស់ប្តីដែលមានអាយុស្រករនាងទៀត
ហ្វីលីពីន៖ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវគ្រួសាររៀបចំឲ្យរៀបការតាមប្រពៃណីឥស្លាមជាមួយនឹងបុរសម្នាក់ដែលមានអាយុរហូតដល់៤៨ឆ្នាំ ហើយនាងនឹងក្លាយជាប្រពន្ធទី ៥ របស់បុរសចំណាស់ម្នាក់នេះផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងខេត្ត Maguindanao ប្រទេសហ្វីលីពីន ដែលខេត្តមួយនេះគឺជាតំបន់ស្វយ័តរបស់ក្រុមអ្នកកាន់សាសនាឥស្លាមមីនដាណាវផងដែរ។ ប្រភពខាងលើបានបន្តថា ពិធីមង្គលការត្រូវបានរៀបចំឡើងយ៉ាងអធិកអធ័មដោយមានសាច់ញាតិនៃគ្រួសារទាំង ២ ជាច្រើននាក់មកចូលរួមយ៉ាងសប្បាយរីករាយ។

កូនកំលោះវ័យ៤៨ឆ្នាំគឺលោក Abdulrzak Ampatuan បានឲ្យដឹងថា គាត់ពិតជាសប្បាយរីករាយណាស់ដែលបានរៀបជាមួយនឹងប្រពន្ធវ័យ ១៣ ឆ្នាំរបស់គាត់ ខណៈដែលក្មេងស្រីរូបនេះក៏បានឲ្យដឹងដែរថា នាងមិនខ្លាចប្តីរបស់នាងឡើយព្រោះគាត់តែងធ្វើល្អដាក់នាង ហើយនាងនឹងខំរៀនធ្វើម្ហូបនិងកិច្ចការផ្ទះផ្សេងៗឲ្យបានច្រើនដើម្បីក្លាយខ្លួនជាប្រពន្ធល្អម្នាក់ផងដែរ។
តាមការមើលឃើញជាក់ស្តែង បន្ទាប់ពីរៀបការរួចស្រ្តីជាប្រពន្ធវ័យក្មេងរូបនេះនឹងត្រូវមើលថែកូនៗមួយចំនួនរបស់លោក Abdulrzak Ampatuan ជាមួយនឹងប្រពន្ធមុនទាំង ៤នាក់ ហើយក្នុងនោះមានកូនខ្លះគឺមានអាយុ ១៣ ឆ្នាំស្រករនាងតែម្តង។ យ៉ាងណាក្តី លោក Abdulrzak Ampatuan ដែលមានការងារជាកសិករនោះបានឲ្យដឹងថា គាត់នឹងមិនយកកូនភ្លាមៗជាមួយនឹងប្រពន្ធវ័យ ១៣ ឆ្នាំនេះទេ ហើយគាត់នឹងរង់ចាំដល់នាងមានអាយុ ២០ ឆ្នាំទើបសម្រេចឲ្យមានកូនជាមួយនាង ហើយនៅក្នុងចន្លោះពេលដែលនាងមិនទាន់មានកូននេះ គាត់នឹងផ្គត់ផ្គង់ឲ្យនាងទៅសិក្សារៀនសូត្រយកចំណេះដឹងផងដែរ។ សូមបញ្ជាក់ថា តាមច្បាប់សាសនាឥស្លាមនៅក្នុងខេត្តខាងលើនេះបានកំណត់ថា ក្មេងប្រុសអាចរៀបការបាននៅអាយុ ១៥ ឆ្នាំ ខណៈក្មេងស្រីអាចរៀបការបានភ្លាមៗបន្ទាប់ពីនាងពេញក្រមុំតាមលក្ខខណ្ឌធម្មជាតិដោយមិនគិតពីអាយុឡើយ៕

អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail