ភោជនីយដ្ឋានមួយបើកទ្វាបាន១១ថ្ងៃក៏ដួលបះជើងទៅវិញ ព្រោះតែកម្មវិធី Promotion របស់ខ្លួនឯង
ចិន៖ ភោជនីយដ្ឋានមួយនៅក្នុងប្រទេសចិនត្រូវបានដួលរលំវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីហាងមួយនេះបានបើកដំណើរការត្រឹមតែរយៈពេល១១ថ្ងៃប៉ុណ្ណោះ ហើយមូលហេតុដែលធ្វើឲ្យហាងនេះដួលរលំយ៉ាងឆាប់រហ័សដូចនេះ ព្រោះតែហាងនេះបានបង្កើតកម្មវិធីលក់ពិសេសមួយដោយកំហុស និងមិនអាចគ្រប់គ្រង់ចំនួនអតិថិជនមកញ៉ាំអាហារក្នុងហាងនេះបាន។ ភោជនីយដ្ឋានមួយនេះមានឈ្មោះថា Jiamen’er មានទីទាំងស្ថិតនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។
ពេលបើកលក់ដំបូងភោជនីយដ្ឋាននេះ មានកម្មវិធីពិសេសមួយគឺលក់កាតសមាជិកដល់អតិថិជនក្នុងតម្លៃ១៨ដុល្លារ ដោយអនុញ្ញាតឲ្យម្ចាស់កាតសមាជិកទាំងនោះអាចមកញ៉ាំអាហារបានពេញមួយថ្ងៃ ហើយចាំឲ្យលុយសរុបម្តងនៅចុងខែ។ យ៉ាងណាក្តី នៅក្នុងកាតមិនបានកំណត់ឈ្មោះអត្តសញ្ញាណអតិថិជនណាម្នាក់ឲ្យបានច្បាស់លាស់នោះទេ មានន័យថានណាក៏ដោយឲ្យតែបង្ហាញកាតសមាជិកនេះក៏អាចញ៉ាំអាហារបាន និងរង់ចាំទូទាត់ប្រាក់សរុបនៅចុងខែ។
ដោយឃើញចន្លោះប្រហោងនៅក្នុងការប្រើប្រាស់កាតដូចនេះ អតិថិជនដែលមានកាតទាំងអស់បានឲ្យកាតនេះទៅកាន់មិត្តរបស់ពួកគេតៗគ្នា ដើម្បីមកញ៉ាំអាហារនៅក្នុងហាងដោយសេរី ខណៈដែលម្ចាស់ហាងមិនអាចកំណត់អត្តសញ្ញាណថា អតិថិជនទាំងអស់នោះជាសមាជិក ឬជាអ្នកណាឲ្យប្រាកដនោះទេ។ ចុងក្រោយហាងមួយនេះត្រូវបានបិទទ្វាវិញក្នុងរយៈពេល ១១ ថ្ងៃ និងបន្សល់ទុកឲ្យម្ចាស់ហាងត្រូវជំពាក់លុយគេចំនួន ៧៧ ៣២៦ ដុល្លារទៀតផង៕


អត្ថបទ៖ ភក្តី
ប្រភព៖ nextshark