ជាថ្មីម្ដងទៀត! ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹក ដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករថៃនៅរសៀលថ្ងៃអង្គារនេះ
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹកដើម្បីបាញ់ទៅលើក្រុមបាតុករ ដែលពួកគេកំពុងព្យាយាមដកលួសបន្លាដែលអាជ្ញាធរបានដាក់នៅខាងក្រៅសភា។ ក្រុមបាតុករមួយក្រុមដែលមានពាក់មួកសុវត្ថិភាព និងឧបករណ៍ការពារ បានទៅដល់ជញ្ជាំងស៊ីម៉ង់មួយ ដែលមានដាក់លួសបន្លា នៅជិតផ្លូវបំបែក Bang Krabue នៅមុខរដ្ឋសភា ក្នុងសង្កាត់ Dusit នៅម៉ោងប្រមាណ ២ និង ៣០ នាទីរសៀល។ បន្ទាប់មកពួកគេបានព្យាយាមឆ្លងកាត់របាំងនោះ ដោយគប់ថង់ថ្នាំពណ៌ និងគ្រាប់បែកផ្សែង ឆ្ពោះទៅជួរប៉ូលីសបាតុកម្មនៅម្ខាងទៀត។

ចំណែកខាងប៉ូលីសក៏បានប្រើឡានដឹកទឹកដើម្បីបាញ់ទឹកទៅលើបាតុករ ដើម្បីបង្ខំឱ្យពួកគេត្រឡប់ចេញពីទីនោះវិញ។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយរយៈខ្លីត្រូវបានបញ្ចប់ ខាងប៉ូលីសបានព្យាយាមបើកការចរចាជាមួយអ្នកតំណាងរបស់ពួកគេ ហើយពួកគេផ្ទាល់ត្រូវបានគេជឿថា គឺជាឆ្មាំសម្រាប់ការពារក្រុមបាតុករបាតុករ។


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍