ថៃអនុម័តថវិកា ៦ ពាន់លានបាតសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ របស់អង់គ្លេស
ថៃ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះគណៈរដ្ឋមន្ត្រីបានអនុម័តថវិកាចំនួន ៦ ពាន់លានបាត (ជាង ១៩៨ លានដុល្លារអាមេរិក) សម្រាប់បញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ AstraZeneca គឺជាក្នុងក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនទៀតដូចជាក្រុមហ៊ុន Pfizer និង Moderna ដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងការផលិតវាក់សាំង ពោលគឺគិតមកទល់នឹងពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងនេះមានប្រសិទ្ធភាពរហូតដល់ជាង ៩០% ហើយ។

លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ថវិកាដែលត្រូវបានអនុម័តខាងលើនេះគឺជាផ្នែកមួយនេះនៃកញ្ចប់ថវិកាដែលរដ្ឋាភិបាលបានបម្រុងទុកសម្រាប់ចាយវាយពេលមានអាសន្នបន្ទាន់បង្កឡើងដោយវិបត្តិនៃជំងឺកូវីដ ១៩ ឬសម្រាប់ទិញវ៉ាក់សាងចែកជូនប្រជាពលរដ្ឋជាដើម។
លោកបានបន្តថា ថវិកាទាំង ៦ ពាន់លានបាតនេះនឹងត្រូវបែកចែកជា ២ ផ្នែក គឺមួយផ្នែកមានចំនួន ២,៣៧៩ ពាន់លានបាតសម្រាប់វិទ្យាស្ថានវ៉ាក់សាំងជាតិថៃអភិវឌ្ឍន៍វ៉ាក់សាំង និងចំនួន ៣,៥៩ ពាន់លានបាតផ្សេងទៀតសម្រាប់មន្ទីរគ្រប់គ្រងជំងឺឆ្លងសម្រាប់ធ្វើលទ្ធកម្មនិងគ្រប់គ្រងវ៉ាក់សាំង។ បើតាមលោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងនៅក្នុងពេលនេះគឺគេអាចទិញវ៉ាក់សាំងបានក្នុងតម្លៃថោក ពោលគឺត្រឹមតែ ៥ ដុល្លារអាមេរិកក្នុងមួយដូស តែបើគេរង់ចាំដល់វ៉ាក់សាំងផលិតបានដោយជោគជ័យ ១០០% តម្លៃរបស់វ៉ាក់សាំងអាចឡើងដល់ ២០ ដុល្លារអាមេរិកឯនោះនៅក្នុងមួយដូស៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍