ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានស្នើឱ្យមានការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ Sputnik V នៅក្នុងប្រទេសឥណ្ឌានិងចិន
ប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការខិតខំរួមគ្នាមួយនៅក្នុងបណ្តាប្រទេស BRICS ស្តីពីការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ខណៈដែលគាត់បានស្នើឱ្យវ៉ាក់សាំង Sputnik V ដែលរុស្ស៊ីជាអ្នកបង្កើននិងចុះបញ្ជីដំបូងគេ អាចត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចិន។ រលឹកដែរថាគិតមកទល់ពេលនេះប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ២ ហើយវ៉ាក់សាំងទី៣ ក៏គ្រោងនឹងចុះបញ្ជីនៅចុងឆ្នាំនេះផងដែរ។

ថ្លែងតាមរយៈវីដេអូពីចម្ងាយទៅកាន់មេដឹកនាំរបស់បណ្ដាប្រទេស BRICS លោក វ្លាឌីមៀ ពូទីន បានមានប្រសាសន៍ថា៖«យើងជឿជាក់ថាវាមានសារៈសំខាន់ក្នុងការពន្លឿនការបង្កើតមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍនិងស្រាវជ្រាវវ៉ាក់សាំងនៅក្នុងបណ្ដាប្រទេសរបស់ BRICS ដែលយើងបានព្រមព្រៀងធ្វើកាលពី ២ឆ្នាំមុន តាមគំនិតផ្តួចផ្តើមរបស់មិត្តអាហ្វ្រិកខាងត្បូង»។


អត្ថបទ៖ លីដា
ប្រភព៖ Business Standard