ម៉្យាងដែរ! មនុស្ស ៧នាក់ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ជុំវិញករណីលួចលុយមូលនិធិកូវីដ១៩ រាប់លានដុល្លារ ទៅទិញរថយន្តទំនើបៗដូចជា Lamborghini និង Porches
អាមេរិក៖ ពលរដ្ឋអាមេរិកចំនួន ៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីលួចយកលុយរាប់លានដុល្លារ ចេញពីមូលនិធិសម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារវិបត្តិនៃជំងឺ COVID-19 មកចាយវាយយ៉ាងសប្បាយហ៊ឺហា និងទិញរបស់ទំនើបៗជាច្រើន មានទាំងរថយន្ត Lamborghini និង Porches ទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBC News បានឲ្យដឹងថា ជនខិលខូចទាំង ៧នាក់ នេះមកពីរដ្ឋចំនួន ២ ផ្សេងគ្នា គឺរដ្ឋ Texas និងរដ្ឋ Illinois ហើយពួកគេមានអាយុចាប់ពី ៤០ ដល់ ៥២ ឆ្នាំ ហើយ ២នាក់ នៅក្នុងចំណោមមនុស្សទាំង ៧ នេះ ត្រូវផ្តន្ទាទោសបន្ថែមមួយករណីទៀតគឺករណីលាងលុយកខ្វក់។

បើតាមអាជ្ញាធរសហព័ន្ធអាមេរិកបានឲ្យដឹង ក្រុមជនខិលខូចមានគម្រោងលួចយកលុយចំនួន ៣០ លានដុល្លារ ពីកញ្ចប់លុយសរុបចំនួន ៦០០ លានដុល្លារ ដែលគេគ្រោងទុកសម្រាប់ឲ្យពលរដ្ឋខ្ចីយកទៅសង្គ្រោះអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺ COVID-19 ។ យ៉ាងណាក្តីគិតមកដល់ត្រឹមពេលចាប់ខ្លួននេះ ជនខិលខូចទើបតែលួចបានលុយចំនួន ១៦ លានដុល្លារប៉ុណ្ណោះ។ អាជ្ញាធរសហព័ន្ធអាមេរិកបានបញ្ជាក់ថា របៀបនៃការលួចលុយរបស់ជនខិលខូចទាំងនេះមានច្រើនរូបភាព ដូចជាការប្រើប្រាស់ឯកសារខ្ជីលុយក្លែងក្លាយ ចេញលិខិតបើកប្រាក់ខែឲ្យបុគ្គលិកក្លែងក្លាយ ហើយក៏មានបុគ្គលិកក្លែងក្លាយមកទទួល ទិញសម្ភារៈក្លែងក្លាយ និងបន្លំឯកសារសំខាន់ៗជាច្រើនទៀត ដែលរាល់ការចំណាយរបស់ពួកគេគឺមានតែក្នុងក្រដាសប៉ុណ្ណោះ ហើយលុយជាក់ស្តែងគឺពួកគេយកទុកក្នុងហោប៉ាវខ្លួនឯងទាំងអស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ NBC News