ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងកសិកម្មដាណឺម៉ាកបានលាលែងពីតំណែង បន្ទាប់ពីបានបញ្ជាឱ្យមានការសម្លាប់សំពោច ១៧លានក្បាល ដោយសារតែមូលហេតុបែបនេះ

    BY autoadmin November 19, 2020
    រដ្ឋមន្រ្តីក្រសួងកសិកម្មដាណឺម៉ាកបានលាលែងពីតំណែង បន្ទាប់ពីបានបញ្ជាឱ្យមានការសម្លាប់សំពោច ១៧លានក្បាល ដោយសារតែមូលហេតុបែបនេះ

    រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសដាណឺម៉ាកបានលាលែងពីតំណែង បន្ទាប់ពីគាត់បានដាក់បញ្ជាខុសច្បាប់មួយ ឱ្យមានការសម្លាប់សត្វសំពោច ដែលគេចិញ្ចឹមយករោម (Mink) ប្រមាណជា ១៧ លានក្បាល ដែលទង្វើនេះបានធ្វើឱ្យសហសេវិកនៅក្នុងជួររដ្ឋាភិបាលរបស់គាត់បាត់បង់ទំនុកចិត្តលើគាត់យ៉ាងខ្លាំង។ សត្វសំពោចនេះត្រូវបានគេដឹងថា ជាប្រភពនៃជំងឺ COVID-19 ប្រភេទម៉្យាងផ្សេងទៀត ដែលវាបានធ្វើឱ្យមានការឆ្លងរីករាលដាលពីសត្វមកមនុស្ស។ ដូច្នេះនៅក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19 ពីសត្វសំពោចមកមនុស្ស ក្រសួងមានតែជម្រើសធ្វើការសម្លាប់ពួកវាចោល ដែលការអនុវត្តបែបនេះមានចាប់តាំងពីខែមិថុនាមកម៉្លេះ។

    ក្នុងនោះលោក Mogens Jensen បានប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃពុធថា៖«ដោយសារខ្ញុំមានការវាយតម្លៃយ៉ាងច្បាស់ថា ខ្ញុំលែងទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងចំណោមសមាជិកសភាភាគច្រើន ដូច្នេះខ្ញុំបានជូនដំណឹងដល់លោកនាយករដ្ឋមន្រ្តីថាខ្ញុំនឹងលាឈប់ពីរដ្ឋាភិបាល»។ លោកបានបន្ថែមដែរថា លោកទទួលខុសត្រូវចំពោះអ្វីដែលក្រសួងបានធ្វើ និងទទួលកំហុសមួយនេះដោយខ្លួនលោកផ្ទាល់ ហើយលោកក៏បានសម្ដែងការសោកស្ដាយ ដោយបានធ្វើឱ្យម្ចាស់កសិដ្ឋានមានការមិនសប្បាយចិត្ត។

    បន្ទាប់ពីមានការសម្លាប់សំពោចក្នុងចំនួនតិចតួចកន្លងទៅ រដ្ឋាភិបាលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បានប្រកាសថា សំពោចទាំងអស់នៅក្នុងប្រទេសដាណឺម៉ាក ប្រហែល ១៧ លានក្បាល ត្រូវតែសម្លាប់ចោល ការពារការចម្លងនៃជំងឺ COVID-19 ។ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរកាលពីសប្តាហ៍មុន នៅពេលដែលលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលមិនមានសិទ្ធិអំណាចស្របច្បាប់ក្នុងការបញ្ជាឱ្យមានការសម្លាប់កសិដ្ឋានសត្វទាំងអស់នៅក្នុងប្រទេសឡើយ។ ដូច្នេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋមន្រ្តីក្រសួងកសិកម្មត្រូវមានទំនួលខុសត្រូវក្នុងបញ្ហានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: