ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បង្ហាញខ្លួនបន្តបន្ទាប់ ដឹងអត់ថា តើវ៉ាក់សាំងទាំងនោះតម្លៃប៉ុន្មាន? ត្រូវចាក់ប៉ុន្មានដង? ហើយត្រូវរក្សាទុកដូចម្តេច?

    BY autoadmin November 19, 2020
    ឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បង្ហាញខ្លួនបន្តបន្ទាប់ ដឹងអត់ថា តើវ៉ាក់សាំងទាំងនោះតម្លៃប៉ុន្មាន? ត្រូវចាក់ប៉ុន្មានដង? ហើយត្រូវរក្សាទុកដូចម្តេច?

    បច្ចុប្បន្នទាំងអ្នកផលិតថ្នាំ និងអ្នកស្រាវជ្រាវវ៉ាក់សាំង កំពុងតែស្វះស្វែងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអាចនាំយកមកនូវវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ជាក្ដីសង្ឃឹមក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សនៅទូទាំងពិភពលោកជាង ១.៣ លាននាក់មួយនេះ។ គិតមកទល់ពេលនេះគឺមានវ៉ាក់សាំងចំនួន ២ រួចមកហើយ ដែលបានបញ្ចប់ការសាកល្បងដំណាក់កាលទី៣ (ចុងក្រោយ) របស់ខ្លួន ខណៈដែលទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងតែមានការកើនឡើងករណីថ្មីៗយ៉ាងគំហុកនាពេលថ្មីៗនេះ។

    ដូច្នេះបញ្ហាប្រឈមដ៏ធំនៅតែមានជានិច្ច នៅមុនពេលដែលវ៉ាក់សាំងអាចត្រូវបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ខណៈដែលប្រទេសអ្នកមានកំពុងប្រជែងគ្នាដើម្បីប្រមូលទិញវ៉ាក់សាំងទាំងនេះ។ និន្នាការនេះបានធ្វើឱ្យមានការព្រួយបារម្ភថា ក្រុមហ៊ុនផលិតថ្នាំអាចមានអំណាច ទាំងលើការចេញលក់ ការចែកចាយថ្នាំ និងតម្លៃរបស់ថ្នាំជាដើម ហើយខាងក្រោមនេះគឺជាតម្លៃនៃវ៉ាក់សាំង អ្នកទិញធំរបស់វា និងការស្ដុករបស់វា ទៅតាមក្រុមហ៊ុននីមួយៗ៖

    Moderna៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រអាមេរិក ដែលទិន្នន័យសាកល្បងបឋមបានបង្ហាញថា វ៉ាក់សាំងដែលខ្លួនផលិតមានប្រសិទ្ធភាពជាង ៩៤% លើជំងឺ COVID-19 ។ វ៉ាក់សាំងនេះត្រូវចាក់ ២ដង ក្នុងរយៈពេល ៤សប្ដាហ៍ពីគ្នា ហើយវាអាចទុកបានក្នុងសីតុណ្ហភាពពី ៣៦ ទៅ ៤៦ ហ្វារិនហៃត (ប្រហែល២-៧អង្សាសេ) រហូតដល់ទៅ ៣០ថ្ងៃ  និង ៦ខែ សម្រាប់សីតុណ្ហាភាព ៤ ហ្វារិនហៃត (-១៥អង្សាសេ)។ កាលពីខែសីហាក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងមានតម្លៃពី ៣២ ទៅ ៣៧ ដុល្លារ/ដូស ហើយក៏កំពុងពិភាក្សាសម្រាប់កិច្ចព្រមព្រៀងទំហំធំជាងមុន ដែលនឹងធ្វើឱ្យវ៉ាក់សាំងមានតម្លៃទាបជាងនេះ។

    ខ្លួនបានប្តេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងឱ្យសហរដ្ឋអាមេរិកចំនួន ១០០ លានដូស ខណៈប្រទេសកាណាដាបានបញ្ជាទិញចំនួន ៥៦ លានដូស, ចក្រភពអង់គ្លេសបានទិញចំនួន ៥០ លានដូស ហើយប្រទេសស្វីសបានទិញយកចំនួន ៤.៥ លានដូស ។

    Pfizer – BioNTech ៖ ជាការចាប់ដៃគ្នារវាងក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ និងបាននិយាយកាលពីសប្តាហ៍មុនថា ការវិភាគដំបូងនៃវ៉ាក់សាំងរបស់ពួកគេបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារពីជំងឺ COVID-19។ មិនដូចជាវ៉ាក់សាំងរបស់ Moderna នោះទេ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះអាចទុកបានក្នុងសីតុណ្ហាភាព ៩៤ ហ្វារិនហៃត (៣៤អង្សាសេ) ប៉ុន្តែត្រូវការការស្ដុក និងដឹកជញ្ជូនយ៉ាងពិសេស ដូច្នេះវាពិបាកបញ្ចេញទៅប្រទេសមួយចំនួន។ ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងរបស់ខ្លួនមានតម្លៃប្រមាណ ២០ ដុល្លារ ក្នុងមួយដូស ហើយត្រូវចាក់ ២ដង ក្នុងរយៈពេល ២១ថ្ងៃ ដាច់ពីគ្នា។

    ក្រុមហ៊ុនបានទទួលបានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសមួយចំនួនលើពិភពលោក ដោយសហគមន៍អឺរ៉ុបបានបញ្ជាទិញច្រើនបំផុតក្នុងចំនួន ៣០០ លានដូស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ចំណែកជប៉ុនបានយល់ព្រមទិញ ១២០ លានដូស ហើយសហរដ្ឋអាមេរិកបានទិញ ១០០ លានដូស។ ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងឈីលី បានទិញវ៉ាក់សាំង Pfizer-BioNTech យ៉ាងតិច ១០ លានដូស។

    AstraZeneca – Oxford៖ ជាការចាប់ដៃគ្នារវាងក្រុមហ៊ុនឱសថយក្សរបស់អង់គ្លេស និងសាកលវិទ្យាល័យ Oxford ខណៈទិន្នន័យនៃការសិក្សារបស់វានឹងត្រូវបញ្ចេញនៅចុងឆ្នាំនេះ។ វ៉ាក់សាំងនេះត្រូវបានគេនិយាយថា បានបង្កើតការឆ្លើយតបភាពស៊ាំប្រហាក់ប្រហែលគ្នាចំពោះមនុស្សវ័យចំណាស់ និងវ័យក្មេង ហើយការឆ្លើយតបអវិជ្ជមានចំពោះវ៉ាក់សាំងក្នុងចំណោមមនុស្សវ័យចំណាស់ក៏មានភាគរយតិចដែរ។ របៀបនៃការស្ដុកគឺមិនទាន់បញ្ជាក់ទេ ប៉ុន្តែពួកគេនឹងបន្ថែមធាតុផ្សំចុងក្រោយនៅពេលវ៉ាក់សាំងជិតដល់ពេលចុះបញ្ជី ដើម្បីឱ្យវ៉ាក់សាំងអាចទុកបានក្នុងសីតុណ្ហាភាពទូទឹកកកធម្មតា។

    វ៉ាក់សាំងនេះបានទទួលនូវកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសមួយចំនួន ដោយសហរដ្ឋអាមេរិក និងឥណ្ឌា បានព្រមព្រៀងគ្នាទិញចំនួន ៥០០ លានដូស សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងទិញ ៤០០ លានដូស ហើយកម្មវិធី Covax របស់ WHO បានបញ្ជាទិញចំនួន ៣០០ លានដូស។ ចក្រភពអង់គ្លេស ជប៉ុន ឥណ្ឌូនេស៊ី ប្រេស៊ីល និងអាមេរិកឡាទីន សុទ្ធតែបានបញ្ជាទិញយ៉ាងតិច ១០០ លានដូស។

    យោងតាមសារពត៌មាន Financial Times ដែលបានដកស្រង់ចេញពីកិច្ចព្រមព្រៀងផ្គត់ផ្គង់រហូតដល់ថ្ងៃទី៧ ខែតុលា បានឱ្យដឹងថាវ៉ាក់សាំងរបស់ AstraZeneca-Oxford គឺមានតម្លៃប្រហែលពី ៣ ទៅ ៤ដុល្លារ និងត្រូវការចាក់ចំនួន ២ដង។ ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងនេះនឹងត្រូវបានដឹកជូនក្នុងតម្លៃមិនមានប្រាក់ចំណេញ ដោយមិនគិតពីកន្លែងណាដែលវានឹងត្រូវចែកចាយនៅលើពិភពលោកនោះទេ ដរាបណាវាទទួលបានការបញ្ជាទិញក្នុងរយៈពេលពីរបីសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ៕

    Johnson & Johnson ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះគឺចាក់តែ ១ដង ប៉ុណ្ណោះ ដោយការផលិតគឺផ្អែកលើបច្ចេកវិទ្យានៃការអភិវឌ្ឍនិងផលិតកម្ម adenovirus vector ឬអ្នកបញ្ជូនហ្សែន ដែលវាជាបច្ចេកវិទ្យាស្រដៀងនឹងការអភិវឌ្ឍនិងផលិតកម្មរបស់ក្រុមហ៊ុនលើវ៉ាក់សាំង Ebola ផងដែរ។ ក្រុមហ៊ុននេះបានសាកល្បងវ៉ាក់សាំងចាក់ ១ដង របស់ខ្លួនលើមនុស្សចំនួន ៦០,០០០នាក់ ចាប់តាំងពីខែកញ្ញា ថ្វីបើវាបានចុះកិច្ចព្រមព្រៀងចាក់វ៉ាក់សាំង ២ លើក ជាមួយរដ្ឋាភិបាលអង់គ្លេស។

    J&J បានរាយការណ៍ថា ប្រសិនបើលទ្ធផលនៃការសាកល្បងចាក់តែមួយលើក បានទទួលផលវិជ្ជមាន វាអាចធ្វើឱ្យការបែងចែកថ្នាំកាន់តែងាយស្រួល ផ្ដល់អត្ថប្រយោជន៍ជាងគូប្រជែងនាំមុខរបស់ខ្លួន ដោយសារពួកគេសុទ្ធតែត្រូវការចាក់វ៉ាក់សាំង ២ដង ។ វ៉ាក់សាំង J&J ត្រូវការទូរទឹកកកជាមូលដ្ឋានសម្រាប់ផ្ទុក ហើយត្រូវចំណាយប្រហែល ១០ ដុល្លារក្នុងមួយដូស។

    សហគមន៍អ៊ឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនចំនួន ២០០ លានដូស ហើយទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានបញ្ជាទិញចំនួន ១០០ លានដូស កាណាដាបានយល់ព្រមទិញចំនួន ៣៨ លានដូស ហើយចក្រភពអង់គ្លេសបានបញ្ជាទិញចំនួន ៣០ លានដូស៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNBC

    Share This Post: