ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានដាក់ញត្តិទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin
ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីជិតអស់អាណត្តិលោក ដូណាល់ ត្រាំ បានដាក់ញត្តិទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅភាគខាងលិចកណ្តាលនៃរដ្ឋ Wisconsin ដោយក្រុមយុទ្ធនាការនេះបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានស្នើសុំជាផ្លូវការដល់អាជ្ញាធរបោះឆ្នោតក្នុងរដ្ឋ ដើម្បីធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងខោនធីចំនួន ២ រួមមានទីក្រុងធំបំផុតគឺ Milwaukee ។ ក្រុមយុទ្ធនាការនេះបានអះអាងថា មានភាពមិនប្រក្រតីដ៏អាក្រក់បំផុតមួយចំនួន ដែលបានកើតឡើងនៅក្នុងតំបន់ទាំង ២ ហើយទទូចថាអត្តសញ្ញាណរបស់អ្នកបោះឆ្នោតមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវទេនៅទីនោះ។
![]()
ពួកគេបានប្តេជ្ញាថានឹងបន្តប្រយុទ្ធប្រឆាំងដើម្បីអ្វីដែលពួកគេមើលឃើញថា ជាតម្លាភាពនៅក្នុងដំណើរការបោះឆ្នោត។ នៅរដ្ឋ Wisconsin នេះផ្ទាល់ ប្រធានាធិបតីទើបជាប់ឆ្នោតលោក ចូ បៃដិន បានទទួលបានជ័យជំនះដោយពិន្ទុ ០.៦ ភាគរយ ជាមួយនឹងការនាំមុខប្រហែល ២០,០០០ សំឡេង។ តាមច្បាប់រដ្ឋ បេក្ខភាពចាញ់ក្នុងពិន្ទុភាគរយតិចតួចប្រកៀកគ្នាបែបនេះ អាចស្នើសុំការរាប់សន្លឹកឆ្នោតឡើងវិញបាន។ ក្រុមយុទ្ធនាការរបស់លោក ត្រាំ ក៏បាននិយាយថា ពួកគេបានចំណាយប្រាក់ចំនួន ៣ លានដុល្លារ រួចហើយសម្រាប់ថ្លៃនៃការរាប់ឡើងវិញ។

អង្គការមិនរកប្រាក់ចំណេញ FairVote ដែលសិក្សាអំពីប្រព័ន្ធបោះឆ្នោតនិយាយថា មានតែការរាប់សន្លឹកឆ្នោតទូទាំងរដ្ឋចំនួន ៣ ប៉ុណ្ណោះ ដែលបានផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ ជាមួយនឹងអត្រានៃជ័យជំនះតិចជាង ០.០៥ ភាគរយ។ ក្រុមអ្នកជំនាញនិយាយថា ការរាប់ឡើងវិញទំនងជាមិនអាចបញ្ច្រាសជ័យជម្នះរបស់លោក បៃដិន នៅក្នុងរដ្ឋនេះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ គឺមានគោលបំណងចង់ពន្យារពេលវេលា ដោយបដិសេធលើការបរាជ័យរបស់ពួកគេតាមរយៈញត្តិនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK