ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានព្រមានថា លោកនឹងប្រើគ្រប់ច្បាប់ទាំងអស់ ដើម្បីប្រឆាំងក្រុមបាតុករណាដែលល្មើសច្បាប់

    BY autoadmin November 19, 2020
    នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានព្រមានថា លោកនឹងប្រើគ្រប់ច្បាប់ទាំងអស់ ដើម្បីប្រឆាំងក្រុមបាតុករណាដែលល្មើសច្បាប់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ទាំងអស់នឹងត្រូវបានប្រើ ប្រឆាំងនឹងក្រុមបាតុករណាដែលបំពាននឹងច្បាប់ ខណៈដែលការតវ៉ាកាន់តែអាក្រក់ទៅៗ ជុំវិញការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងការធ្វើកំណែទម្រង់លើអំណាចព្រះមហាក្សត្រថៃ Maha Vajiralongkorn ។ ឥឡូវនេះក្រុមសកម្មជនកំពុងបារម្ភថា ថៃនឹងប្រើឡើងវិញនូវច្បាប់ដ៏តឹងរឹងរបស់ខ្លួន ដែលអាចឈានដល់ការជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់អ្នកដែលបំពានលើព្រះមហាក្សត្រ។

    ការប្រកាសរបស់លោក ប្រាយុទ្ធ ចាន់អូចា បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ បានបាញ់ថ្នាំពណ៌នៅទីស្នាក់ការប៉ូលីសថៃ នៅក្នុងអ្វីដែលពួកគេបាននិយាយថា ជាការឆ្លើយតបទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស មកលើក្រុមបាតុករកាលពីថ្ងៃអង្គារ ដែលជាថ្ងៃនៃការតវ៉ាដ៏ធំបំផុតចាប់តាំងពីខែកក្កដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ប្រាយុទ្ធ បាននិយាយថា «ស្ថានភាពមិនប្រសើរទេ។ មានហានិភ័យនៃការកើនឡើងដល់អំពើហឹង្សាកាន់តែច្រើន។ បើមិនដោះស្រាយវាអាចបំផ្លាញប្រទេស និងរាជានិយមជាទីស្រលាញ់របស់យើង»។

    លោកបន្ដថា៖ «រដ្ឋាភិបាលនឹងពង្រឹងសកម្មភាពរបស់ខ្លួន និងប្រើប្រាស់ច្បាប់គ្រប់មាត្រាទាំងអស់ ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលរំលោភច្បាប់»។

    វាមិនបានបញ្ជាក់ថាតើនេះរួមបញ្ចូលមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលហាមឃាត់ការប្រមាថព្រះមហាក្សត្រដែរ ឬទេ។ ប៉ុន្តែលោក ប្រាយុទ្ធ បាននិយាយកាលពីដើមឆ្នាំនេះថា មាត្រានោះមិនត្រូវបានប្រើសម្រាប់ពេលនេះទេ តាមការស្នើសុំរបស់ព្រះមហាក្សត្រ។ គួរឱ្យដឹងដែរថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌរបស់ថៃបានចែងថា ជនណាដែលបរិហារកេរ្តិ៍ ជេរប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ មហាក្សត្រីយានី ទាយាទ ឬរាជានុសិទ្ធិ ត្រូវទទួលទោសដាក់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: