ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យូនីសេហ្វមានការព្រួយបារម្ភអំពីផលប៉ះពាល់យូរអង្វែងនៃជំងឺរាតត្បាត ខណៈបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណ ១១% មានវ័យក្រោម ២០ឆ្នាំ

    BY autoadmin November 19, 2020
    យូនីសេហ្វមានការព្រួយបារម្ភអំពីផលប៉ះពាល់យូរអង្វែងនៃជំងឺរាតត្បាត ខណៈបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណ ១១% មានវ័យក្រោម ២០ឆ្នាំ

    ទីភ្នាក់ងារយូនីសេហ្វរបស់អង្គការសហប្រជាជាតិ កំពុងសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់យូរអង្វែងនៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 លើសុខភាពនិងការអប់រំ របស់កុមារនិងមនុស្សវ័យជំទង់ ខណៈយ៉ាងហោចណាស់ ១នាក់ ក្នុងចំណោម ៩នាក់ នៃពួកគេបានឆ្លងជំងឺ COVID-19 ។ របាយការណ៍បាននិយាយថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបាននាំឱ្យមានការធ្លាក់ចុះនៃសេវាសុខភាព ដូចជាការចាក់វ៉ាក់សាំងជាប្រចាំជាដើម ហើយកុមារក៏មិនបានទទួលអាហារទៀងពេល នៅពេលដែរសាលាពួកគេបិទទ្វារ។

    មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ បានចេញផ្សាយរបាយការណ៍ស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតលើកុមារមួយនេះ នៅមុនថ្ងៃទិវាកុមារពិភពលោក ដែលនឹងមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។ ទិន្នន័យពី ៨៧ ប្រទេសនិងតំបន់ រួមទាំងប្រទេសជប៉ុន គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា បានបង្ហាញថា អ្នកដែលមានអាយុក្រោម ២០ឆ្នាំ បានចូលរួមចំណែក ១១ ភាគរយ នៃចំនួនអ្នកឆ្លងជំងឺ COVID-19 ទាំងអស់។

    កាលពីខែមេសានៅពេលដែលជំងឺ COVID-19 ឆ្លងរាលដាលពាសពេញពិភពលោក យូនីសេហ្វបាននិយាយថា ការបិទសាលារៀនប៉ះពាល់ដល់កុមារចំនួន ១.៥ ពាន់លាននាក់។ របាយការណ៍និយាយថា កុមារជាង ៥៧០ លាននាក់ នៅតែរងផលប៉ះពាល់គិតត្រឹមខែវិច្ឆិកា។ របាយការណ៍ក៏បានព្រមានដែរថា៖«វិបត្តិកាន់តែអូសបន្លាយកាន់តែយូរ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើការអប់រំ សុខភាព អាហារូបត្ថម្ភ និងសុខុមាលភាពកុមារ» ដោយបន្ថែមថា «អនាគតនៃមនុស្សជំនាន់ទាំងមូលគឺមានគ្រោះថ្នាក់»៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: