ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃព្រមានជាថ្មីម្ដងទៀតថា នឹងប្រើច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រ (Lèse Majesté) ប្រឆាំងនឹងក្រុមបាតុករដែលល្មើសច្បាប់

    BY autoadmin November 21, 2020
    នាយករដ្ឋមន្ត្រីថៃព្រមានជាថ្មីម្ដងទៀតថា នឹងប្រើច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រ (Lèse Majesté) ប្រឆាំងនឹងក្រុមបាតុករដែលល្មើសច្បាប់

    នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រ (Lèse Majesté Law) នឹងស្ថិតក្នុងចំណោម «ច្បាប់និងមាត្រាទាំងអស់» ដែលត្រូវអនុវត្តប្រឆាំងនឹងក្រុមបាតុករ។ នៅពេលសួរដោយអ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា តើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានស្គាល់ថាជាច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រនឹងត្រូវយកមកអនុវត្តដែរឬទេ? លោក ប្រាយុទ្ធ បានមានប្រសាសន៍ថា «វាស្ថិតក្នុងចំណោមច្បាប់ទាំងអស់នោះ។ តើអ្នកយល់ពីពាក្យថាច្បាប់ទាំងអស់ទេ?»

    ដោយផ្អែកលើករណីនានាដែលពាក់ព័ន្ធនឹងការប្រមាថរបបរាជានិយម លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖«រដ្ឋាភិបាលត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស ពីព្រោះប្រជាជនជាច្រើនបានបញ្ចេញមតិលើបញ្ហានេះ ហើយប្រជាជនទូទាំងប្រទេសមិនអាចទទួលយកបានទេ»។ កាលពីថ្ងៃព្រហស្បតិ៍លោក ប្រាយុទ្ធ ក៏បានប្រកាសដែរថា «ច្បាប់និងមាត្រាទាំងអស់» នឹងត្រូវបានអនុវត្តប្រឆាំងនឹងក្រុមអ្នកតវ៉ាដែលរំលោភច្បាប់។ ប៉ុន្តែកាលពីដើមឆ្នាំលោកបាននិយាយថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌមិនទាន់ត្រូវបានប្រើទេ តាមការស្នើសុំរបស់ព្រះមហាក្សត្រថៃ។ លោកក៏បានផ្តល់ការព្រមានជាថ្មីម្ដងទៀត បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យលោកចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយម៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: