អាមេរិកនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅដើមខែឆ្នូខាងមុខឆាប់ៗនេះ
អាមេរិក៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាមេរិកសង្ឃឹមនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅដើមខែឆ្នូខាងមុខនេះហើយ នេះបើយោងតាមប្រមុខរដ្ឋាភិបាលអាមេរិកជូនដំណឹងកាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រភពខាងលើបានបន្តថា ការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងនេះគឺជាចំណុចដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅអាមេរិក ដែលជាទីកន្លែងមានចំនួនអ្នកឆ្លងច្រើនបំផុតនៅលើពិភពលោក។ តាមគម្រោងអាមេរិកនឹងចាក់វ៉ាក់សាំងក្នុងចំណោមពលរដ្ឋចំនួន ២០ លាននាក់នៅក្នុងខែធ្នូនេះ និង ៣០ លាននាក់ក្នុងមួយខែ នៅខែបន្ទាប់មកទៀត។

បើតាមលោក Moncef Slaoui ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានប្រាប់ឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ថ្ងៃទី ១១-១២ ខែធ្នូនេះកម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមហើយ តែមកទល់នឹងពេលនេះគេនៅរង់ចាំការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលជាមុនសិន។ វ៉ាក់សាំងដែលអាមេរិកគ្រោងនឹងយកមកប្រើប្រាស់នោះគឺជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង Moderna ដែលត្រូវបានគេអះអាងថា មានប្រសិទ្ធរហូតដល់ ៩៥%ទៅហើយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះនៅលើពិភពទាំងមូលមានអ្នកឆ្លងជំងឺកូវីដ ១៩ ប្រមាណជា ៥៨ លានករណី និងមានអ្នកស្លាប់ប្រមាណជា ១,៤ លានករណី ហើយវត្តមានរបស់វ៉ាក់សាំងការជំងឺកូវីដ ១៩ គឺជាក្តីសង្ឃឹមថ្មីរបស់ពិភពលោកទាំងមូលផងដែរ។

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍