អានអត្ថបទនេះដើម្បីដឹងពីរោគសញ្ញាចម្បងទាំង ៥ នៃជំងឺដំបៅក្រពះ និងចំណុច ៣ យ៉ាងដែលអ្នកគួរធ្វើដើម្បីទប់ស្កាត់
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាចម្បងនៃជំងឺដំបៅក្រពះ ព្រមទាំងគន្លឹះងាយៗចំនួន ៣ ដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ជំងឺនេះ ៖
– រោគសញ្ញាចម្បងទាំង ៥ ៖
១. រោគសញ្ញាចម្បងបំផុតនៃជំងឺដំបៅក្រពះ គឺការឈឺចាប់ ៖ ការឈឺចាប់នៅត្រង់តំបន់ពោះចន្លោះផ្ចិត និងឆ្អឹងទ្រូង។ ជារឿយការឈឺចាប់ គឺមានសភាពកាន់តែអាក្រក់ឡើងនៅខណៈពេលពោះទទេរមិនទាន់ទទួលទានអ្វី ឬកំឡុងពេលយប់ ប៉ុន្តែអាចធូរស្រាលវិញដោយការទទួលទានអាហារមួយចំនួន។ ទោះជាយ៉ាងណាអាការៈនេះ គឺមិនទៀងទាត់ឡើយ ហើយក៏មិនប្រក្រតីដែរ ដោយកើតឡើងជាប់គ្នាពី ២ ទៅ ៣ថ្ងៃ បន្ទាប់មកក៏បាត់។ ប្រសិនបើអ្នកសម្គាល់ឃើញ ឬជួបប្រទះអាការៈឈឺចាប់ខ្លាំងភ្លាមៗ ឬឈឺស្រួចស្រាវ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
២. ភាពប្រែប្រួលនៃចំណង់អាហារ ៖ រោគសញ្ញាផ្សេងទៀតនៃជំងឺដំបៅក្រពះ គឺការផ្លាស់ប្តូរចំណង់អាហាររបស់អ្នក។ នៅសុខៗអ្នកក៏មានអារម្មណ៍ថាឆ្អែតមិនអាចទទួលទានទឹក ភេសជ្ជៈ ឬអាហារណាមួយបានច្រើនដូចពេលធម្មតា។ ពេលខ្លះបែរជាមានអារម្មណ៍ថាឃ្លានខ្លាំង បើទោះជាទើបនឹងបានទទួលទានអាហាររួចប៉ុន្មានម៉ោង។
៣. ស្រកទម្ងន់ ៖ ភាពប្រែប្រួលផ្សេងៗនៃចំណង់អាហារអាចបណ្ដាលឲ្យស្រកទម្ងន់។ ទោះជាយ៉ាងណាការស្រកទម្ងន់នេះក៏ជារោគសញ្ញានៃជំងឺដំបៅក្រពះផងដែរ ប្រសិនបើអ្នកទទួលទានតិចដោយសារតែបាត់បង់ចំណង់អាហារ ហើយជួបប្រទះការឈឺចាប់ខណៈពេលកំពុងទទួលទាន។
៤. ចង្អោរចង់ក្អួត និងក្អួតតែម្ដង ៖ អតុល្យភាពនៃទឹកក្រពះក៏អាចនាំអោយកើតមានអាការៈចង្អោចង់ក្អួូត និងក្អួតដែរ។ ការក្អួតឈាម គឺរោគសញ្ញាចង្អុលបង្ហាញពីដំណាក់កាលចុងក្រោយនៃជំងឺដំបៅក្រពះ ហើយអ្នកគួរតែស្វែងរកជំនួយវេជ្ជសាស្រ្តភ្លាមៗប្រសិនបើវាកើតឡើង។
៥. ភាពខុសប្រក្រតីនៃពណ៌លាមក ៖ រោគសញ្ញានៃដំណាក់កាលចុងក្រោយផ្សេងទៀតរបស់ដំបៅក្រពះ គឺលាមកមានពណ៌ខុសប្រក្រតីដែលអាចជាពណ៌ដិតស្រអាប់ខ្លាំង ឬអ្នកអាចសម្គាល់ឃើញមានឈាមក្នុងលាមក។ ប្រសិនបើរោគសញ្ញាបែបនេះកើតឡើង អ្នកត្រូវស្វែងរកដំបូន្មានវេជ្ជសាស្ត្រ ឬជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម។
– សកម្មភាព ៣ យ៉ាងដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ ៖
ប្រសិនបើអ្នកសង្ស័យថា អ្នកមានជំងឺដំបៅក្រពះ អ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យឆាប់បំផុតតាមតែអាចធ្វើទៅបាន ប៉ុន្តែទោះជាយ៉ាងណាចំនុច ៣ ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែធ្វើដើម្បីទប់ស្កាត់ ក៏ដូចជាព្យាបាលជំងឺដំបៅក្រពះ ៖
១. ប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទទួលទាន ៖ អ្នកគួរតែព្យាយាមទទួលទានប្រភេទនៃអាហារដែលមានផ្ទុកជាតិសសៃខ្ពស់ដូចជា ផ្លែឈើ និងបន្លែ រួមបញ្ចូលទាំងអាហារដែលសម្បូរទៅដោយសារជាតិ flavonoids (ផ្លែប៉ោម ជីវ៉ាន់ស៊ុយ ការ៉ុត ទំពាំងបាយជូរ ខ្ទឹមបារាំង សូកូឡាខ្មៅ ជាដើម) ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបាក់តេរី H Pylori ដែលបង្កជំងឺដំបៅក្រពះ។
២. ឈប់ជក់បារី និងទទួលទានជាតិអាល់កុល ៖ ទាំងការជក់បារី និងទទួលទានគ្រឿងស្រវឹង គឺសុទ្ធតែបង្កើនឱកាសនៃជំងឺដំបៅក្រពះ ក៏ដូចជាជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀតផងដែរ។
៣. កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស ៖ ក្រៅពីការបំផ្លាញដោយថ្នាំបំបាត់ការឈឺចាប់ NSAIDS និងបាក់តេរី H Pylori ភាពតានតឹងក៏ជាកត្តាចម្បងមួយដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺដំបៅក្រពះផងដែរ។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ឬកម្រិតនៃភាពស្ត្រេសរបស់អ្នកតាមរយៈសកម្មភាពផ្សេងៗទៀតដូចជា ការសម្រាកលំហែកាយឲ្យទៀងទាត់ ជាដើម៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Dailyhealthpost