ដឹងពេលវេលា ដែលពលរដ្ឋថៃអាចនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ហើយ
លោកវេជ្ជបណ្ឌិត Nakhon Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិ (NVI) បានមានប្រសាសន៍ថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៅពាក់កណ្តាលឆ្នាំ ២០២១ ។ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នឹងត្រូវផលិតក្នុងស្រុកថៃនៅឯរោងចក្រផលិត Siam Bioscience Group ដែលមានទីតាំងនៅខេត្ត Pathum Thani ។
ជម្រាបដែរថារដ្ឋាភិបាលថៃកំពុងធ្វើការជាមួយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដើម្បីរួមគ្នាផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅឯរោងចក្រផលិតឱសថរបស់ក្រុមហ៊ុន Siam Bioscience Group ក្បែរទីក្រុងបាងកក។ Siam Bioscience Group ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាដៃគូក្នុងតំបន់របស់ខ្លួន ដើម្បីផលិតវ៉ាក់សាំងសម្រាប់ចែកចាយក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ គួរឱ្យដឹងដែរថាក្រុមហ៊ុន AstraZeneca ក៏ទើបតែបានប្រកាសថា វ៉ាក់សាំងនេះបង្ហាញពីប្រសិទ្ធភាពជាមធ្យម ៧០% ឬលោតដល់ ៩០% អាស្រ័យលើកម្រិតនៃការប្រើប្រាស់៕
![]()


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍