ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋវៀតណាមចំនួន ៤នាក់បានបាត់បង់ជីវិត ដោយសារជំងឺមួយនេះ បន្ទាប់ពីរងគ្រោះទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ

    BY autoadmin November 25, 2020
    ពលរដ្ឋវៀតណាមចំនួន ៤នាក់បានបាត់បង់ជីវិត ដោយសារជំងឺមួយនេះ បន្ទាប់ពីរងគ្រោះទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្តក្វាងទ្រី (Quang Tri) ដែលបានរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះ កំពុងរាយការណ៍ថា មានពលរដ្ឋចំនួន ២៤នាក់ បានឆ្លងជំងឺ Melioidosis ឬហៅថា Whitmore’s disease ក្នុងរយៈពេលមួយខែកន្លងមកនេះ ដែលរួមមានអ្នកស្លាប់ចំនួន ៤នាក់ ផងដែរ។ អ្នកតំណាងមន្ទីរពេទ្យទូទៅខេត្តបាននិយាយថា ចំនួនពលរដ្ឋដែលមានជំងឺបង្កឡើងដោយបាក់តេរី Burkholderia Pseudomallei មួយនេះ បានចាប់មានឡើងយ៉ាងឆាប់រហ័ស តាំងតែពីខេត្តមានទឹកជំនន់លើកដំបូងនៅពាក់កណ្តាលខែតុលាមកម៉្លេះ។

    ការស្លាប់ទាំង ៤នាក់ រួមមាន បុរសអាយុ ៥១ឆ្នាំ មកពីទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម។ គាត់គឺជាសមាជិកម្នាក់ក្នុងចំណោមនាវិកនៃនាវាដឹកទំនិញ Vietship 01 ដែលបានជាប់គាំងនៅសមុទ្រ នៅចម្ងាយប្រហែល ៤០០ម៉ែត្រ ពីឆ្នេរនៃខេត្តខេត្តក្វាងទ្រីកាលពីខែមុន។ ចំណែក ៣នាក់ ផ្សេងទៀតគឺមានអាយុ ៤៧ឆ្នាំ ៦២ឆ្នាំ និង ៧៥ឆ្នាំ មកពីស្រុក Huong Hoa, Cam Lo និង Hai Lang នៃខេត្តក្វាងទ្រី។ គួរឱ្យដឹងដែរថា ខេត្តក្វាងទ្រី និងខេត្តកណ្តាលផ្សេងទៀតនៅប្រទេសវៀតណាម ត្រូវបានរងគ្រោះដោយព្យុះ និងសម្ពាធជាច្រើនកាលពីខែមុន ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីជាបន្ដបន្ទាប់។

    អ្នកជំងឺ Melioidosis ច្រើនតែមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ រលាកសួត និងមានចេញបូស រួមជាមួយនឹងការរលាកខួរក្បាល និងសន្លាក់។ អត្រាមរណភាពមានប្រហែល ៤០% និងគ្មានវ៉ាក់សាំងនោះទេ ខណៈជំងឺគឺឆ្លងទាំងមនុស្ស និងសត្វ។ ជំងឺនេះត្រូវបានគេរកឃើញនៅវៀតណាមដំបូងក្នុងឆ្នាំ១៩២៥ ទោះបីជាចំណេះដឹងអំពីជំងឺនៅមានកម្រិតក៏ដោយ។ ប្រហែលជា ១០ ០០០ ករណី ត្រូវបានគេរាយការណ៍ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ហើយភាគច្រើនមាននៅរដូវវស្សា៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: