ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរតែអាន! ទាំងនេះជារោគសញ្ញាដែលនឹងលេចឡើង នៅពេលរាងកាយជួបប្រទះបញ្ហានៃកង្វះអាហាររូបត្ថម្ភ

    BY Khmernote Media June 25, 2018
    គួរតែអាន! ទាំងនេះជារោគសញ្ញាដែលនឹងលេចឡើង នៅពេលរាងកាយជួបប្រទះបញ្ហានៃកង្វះអាហាររូបត្ថម្ភ

    រាងកាយមនុស្ស គឺមានលក្ខណៈស្មុគស្មាញណាស់។ រាងកាយមានផ្ទុកនូវធាតុគីមីដល់ទៅ ៦០ រួមទាំងសមាមាត្រដ៏ល្អឥតខ្ចោះនៃទឹក ប្រូតេអ៊ីន ខ្លាញ់ និងសារធាតុរ៉ែផ្សេងៗ។ ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយជួនកាលនៅពេលយើងខ្វះនូវអ្វីមួយនោះ រាងកាយនឹងផ្តល់សញ្ញាណាជាពត៌មាន ដើម្បីឲ្យយើងធ្វើការដោះស្រាយបញ្ហាដែលកើតមាន។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលនឹងលេចឡើង នៅពេលរាងកាយជួបប្រទះនូវបញ្ហានៃកង្វះអាហាររូបត្ថម្ភ ៖

    ១. សក់ និងក្រចកមានសភាពផុយស្រួយ ៖ បញ្ហានេះអាចកើតឡើងបណ្ដាលមកពីកង្វះនៃប្រូតេអ៊ីន។ ប្រូតេអ៊ីន គឺជាផ្នែកដ៏ធំសំខាន់មួយនៃរាងកាយរបស់ពួកយើង។ ឆ្អឹង សាច់ដុំ ស្បែក សក់ និងក្រចក គឺសុទ្ធតែមានផ្ទុកនូវប្រូតេអ៊ីន។ ដូច្នេះហើយទើបកង្វះនៃប្រូតេអ៊ីនផ្ដល់ផលប៉ះពាល់ដល់រាងកាយទាំងមូល ហើយថែមទាំងអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗច្រើនទៀតផង។ រោគសញ្ញាដំបូងដែលយើងអាចកត់សម្គាល់បានចំពោះកង្វះប្រូតេអ៊ីនក្នុងរាងកាយ គឺបញ្ហាទាក់ទងជាមួយក្រចក សក់ និងស្បែក។ ទោះជាយ៉ាងណា អ្នកដែលទទួលទានសាច់បានទៀងទាត់ គឺមិនសូវជាជួបប្រទះនឹងបញ្ហានៃកង្វះជាតិប្រូតេអ៊ីនឡើយ។ ក្រៅពីសាច់ ប្រភេទនៃចំណីអាហារមួយចំនួនដូចជា សណ្ដែកសៀង គ្រាប់ធញ្ញជាតិ សណ្ដែកខៀវ ផ្សិត ស្រូវសាឡី តៅហ៊ូ ស៊ុត
    និងបន្លែផ្លែឈើផ្សេងៗទៀត ក៏ជាប្រភពនៃប្រូតេអ៊ីនផងដែរ។

    ២. ស្បែកស្ងួត ហើយជ្រួញ ៖ អាស៊ីតខ្លាញ់ចាំបាច់ ជាពិសេស អូមេហ្គា ៦ គឺពិតជាសំខាន់ខ្លាំងណាស់ ក៏ព្រោះពួកវាជួយបង្កើតនូវរបាំងការពារស្បែកប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជាតិទឹក​​​ ឬសំណើម។ ប្រសិនបើរាងកាយគ្មានផ្ទុកនូវអាស៊ីតខ្លាញ់ចាំបាច់គ្រប់គ្រាន់ទេនោះវាអាចបណ្ដាលទៅជាបញ្ហាស្បែកស្ងួតខ្លាំងដែលងាយនឹងកើតមានស្នាមជ្រីវជ្រួញ។ ស្បែករបស់អ្នកក៏អាចនឹងប្រែជាស្ដើង របក រមាស់ ឬប្រេះផងដែរ។ រោគសញ្ញាមួយចំនួនផ្សេងទៀតមានដូចជា អង្គែស្បែកក្បាល ជ្រុះសក់ និងភ្នែកស្ងួត។ អ្នកដែលតមអាហារដោយកាត់បន្ថយការទទួលទានជាតិខ្លាញ់ គឺងាយនឹងជួបប្រទះនូវបញ្ហានេះបំផុត។ កុំជៀសវាងការទទួលទានខ្លាញ់ត្រី ហើយព្យាយាមប្រើប្រាស់ប្រេងខ្លាញ់ដែលមានគុណភាពខ្ពស់ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ។

    ៣. សាច់ដុំចុះខ្សោយ និងឧស្សាហ៍អស់កម្លាំង ៖ ទាំងនេះជារោគសញ្ញានៃកង្វះជាតិម៉ាញ៉េស្យូម។ ប្រសិនបើអ្នកមានអារម្មណ៍ថា ហត់នឿយខ្លាំង ឬអស់កម្លាំងទាំងដែលទើបនឹងក្រោកពីសម្រាក ហើយតែងជួបប្រទះនូវបញ្ហានេះជាញឹកញយ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមឲ្យបានជាប្រចាំ។ ប្រភពដ៏ល្អបំផុតនៃជាតិម៉ាញ៉េស្យូមមានដូចជា គ្រាប់អាល់មុន គ្រាប់សណ្ដែកដី គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី គ្រាប់ជី និងកាកាវ។

    ៤. ស្លេកស្លាំង ៖ ស្បែកស្លេកស្លាំងអាចជារោគសញ្ញាមួយនៃបញ្ហាកង្វះជាតិដែកក្នុងរាងកាយដែលកាត់បន្ថយកម្រិតនៃជាតិ hemoglobin នៅក្នុងកោសិកាឈាមក្រហមរបស់អ្នក។ ដូច្នេះឈាមនឹងបាត់បង់នូវជាតិពណ៌របស់វាដែលជាហេតុធ្វើឲ្យ ស្បែក ឬពេលខ្លះអញ្ចាញ ក្រចក និងផ្នែកខាងក្នុងនៃបបូរមាត់ ក៏ដូចជាត្របកភ្នែកបាត់បង់នូវពណ៌ធម្មជាតិតាមនោះដែរ។ អ្នកដែលងាយនឹងជួបប្រទះនូវបញ្ហានេះបំផុត គឺស្ត្រីមានផ្ទៃពោះ អ្នកដែលបរិច្ចាគឈាមទៀងទាត់ អ្នកដែលមានរបបអាហារមិនសមស្រប និងអ្នកដែលតមសាច់។ ថ្លើមសត្វ និងសាច់ក្រហម គឺមានផ្ទុកសម្បូរទៅដោយជាតិដែក ហើយប្រសិនបើអ្នកមិនទទួលទានវាទេនោះអ្នកគួរតែព្យាយាមទទួលទានស្ពៃខ្មៅ សណ្ដែក និងផ្កាខាត់ណាខៀវឲ្យបានច្រើន ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលទានថ្នាំគ្រាប់ជាតិដែក។

    ៥. មុន ឬការរោលឡើងកន្ទួលលើស្បែក ៖ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានប្រភេទអាហារកែច្នៃ ឬជាតិអាល់កុល ថ្ងៃណាមួយអ្នកនឹងជួបប្រទះនូវបញ្ហានៃកង្វះជាតិស័ង្កសីជាមិនខាន។ កង្វះនៃជាតិស័ង្កសីផ្ដល់ផលប៉ះពាល់ដល់រាងកាយទាំងមូលតែម្ដង ហើយក៏អាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងពោះវៀន ក៏ដូចជាប្រព័ន្ធភាពសា៊ំ។ ជាលទ្ធផលវាអាចបណ្ដាលជាប្រតិកម្មអាឡែកស៊ី និងផលប៉ះពាល់អវិជ្ជមានចំពោះស្ថានភាពនៃស្បែក។ អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីមានដូចជា អយស្ទ័រ សាច់គោ សាច់ចៀម សាច់មាន់ សណ្ដែងសៀង សណ្ដែក chickpeas គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី ផ្សិត និងស្ពៅខ្មៅ។ អ្នកក៏អាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលទានថ្នាំគ្រាប់ជាតិស័ង្កសីបន្ថែម។

    ៦. ការឡើងទម្ងន់ភ្លាមៗ ៖ ប្រសិនបើការឡើងទម្ងន់របស់អ្នក គឺភ្លាមៗដោយគ្មានមូលហេតុ ឬមិនអាចពន្យល់បាន នោះអ្នកប្រហែលជាកំពុងជួបប្រទះនូវបញ្ហានៃកង្វះជាតិអ៊ីយ៉ូត។ អ៊ីយ៉ូត គឺទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលជួយគ្រប់គ្រងដំណើរការនៃការដុតរំលាយអាហាររបស់អ្នក ហើយនៅពេលដែលកម្រិតនៃជាតិអ៊ីយ៉ូតថយចុះទាប រាងកាយអាចធ្វើការដុតបំផ្លាញជាតិកាឡូរីបានត្រឹមតែបន្តិច ហើយចាប់ផ្ដើមស្ដុកទុកជាតិខ្លាញ់។ ជាតិអ៊ីយ៉ូតមានច្រើននៅក្នុងសារាយសមុទ្រ ប្រភេទត្រីសមុទ្រ ខ្យង ខ្ចៅ លៀស គ្រំ ផលិតផលធ្វើឡើងពីទឹកដោះគោ និងអំបិលអ៊ីយ៉ូត។

    ៧. ឈាមអញ្ចាញ ឬរបួសយូរជាសះស្បើយ ៖ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ រាងកាយរបស់អ្នកប្រហែលជាកំពុងតែខ្វះនូវវីតាមីន C ហើយ។ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន មនុស្សចាស់ និងអ្នកជក់បារី គឺងាយនឹងជួបប្រទះនូវបញ្ហានៃកង្វះវីតាមីន C បំផុត។ វាមិនពិបាកទេក្នុងការទទួលបានវីតាមីន C គ្រប់គ្រាន់ ប្រសិនបើអ្នកមានរបបអាហារសុខភាពល្អ និងតែងទទួលទានបន្លែផ្លែឈើស្រស់ៗនោះ។ ការទទួលទានក្រូចមួយផ្លែ ឬម្ទេសប្លោកពាក់កណ្ដាលរាល់ថ្ងៃក៏អាចផ្ដល់ឲ្យអ្នកនូវវីតាមីន C ជាប្រចាំផងដែរ។

    ៨. ជំងឺធ្លាក់ទឹកចិត្ត ៖ កង្វះនៃវីតាមីនផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការផលិតអ័រម៉ូន serotonin (អ័រម៉ូនអារម្មណ៍ល្អ និងគ្រប់គ្រងអាម្មណ៍) នៅក្នុងខួរក្បាល។ ប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត ជាពិសេសកំឡុងពេលរដូវរងារនោះវាអាចជារោគសញ្ញាមួយនៃកង្វះវីតាមីន D។ ជាទូទៅវាងាយនឹងប៉ះពាល់ចំពោះអ្នកដែលទទួលបានពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់ ដោយសារពួកគេរស់នៅឆ្ងាយពីអេក្វាទ័រ ឬស្នាក់នៅតែក្នុងផ្ទះគ្រប់ពេល។ ប្រសិនបើអ្នកគ្មានឱកាសដើម្បីទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ទេនោះ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិវីតាមីន D ដូចជា ត្រីសាលមុន ខ្លាញ់ថ្លើមត្រី ត្រីសាឌីន
    ត្រី herring បង្គា ផ្នែកពណ៌លឿងនៃស៊ុត ត្រីធូណា អយស្ទ័រ និងផ្សិត៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay