នេះជាកាលបរិច្ឆេទ ដែលប្រទេសមួយចំនួននៅតំបន់អាស៊ីនឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ យកទៅប្រើប្រាស់
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer សហការជាមួយក្រុមហ៊ុន BioNTech វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Moderna សហការជាមួយក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក ត្រូវបានគេសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ បើទោះវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថទាំងនេះទើបមានប្រសិទ្ធជាង ៩០ % ក៏ដោយ។ នៅក្នុងដំណាក់កាលដំបូងនៃការចែកចាយវ៉ាក់សាំងគេបានសង្កេតឃើញថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបអាចមានឱកាសអាចទទួលបានវ៉ាក់សាំងមុនគេបើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ ដោយហេតុផលនេះហើយទើបសាធារណៈជនជាច្រើនចង់ដឹងថា តើពេលណាទើបបណ្តាប្រទេសនៅតំបន់អាស៊ីអាចទទួលបានវ៉ាក់សាំងនេះមកប្រើប្រាស់?

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសអាស៊ីក៏បានបញ្ជាទិញវ៉ាក់សាំងរាប់លានដូសពីក្រុមហ៊ុនផ្សេងៗតែការទទួលបានវ៉ាក់សាំងនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលតាមកាលបរិច្ឆេទនិងចំនួនកំណត់ដូចខាងក្រោមនេះ៖
+ ប្រទេសអូស្រ្តាលីបានបញ្ជាទិញវ៉ាក់សាំងចំនួន ៣៤ លានដូសពីក្រុមហ៊ុនជាច្រើន ហើយនៅអំឡុងខែមករានិងកុម្ភៈឆ្នាំក្រោយនេះវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣,៨ លានដូសនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសអូស្រ្តាលី។
+ នៅចុងឆ្នាំ ២០២០ នេះចិននឹងទទួលបានវ៉ាក់សាំងប្រមាណជា ១០០ លានដូសពីក្រុមហ៊ុនផលិតក្នុងស្រុកហើយផលិតផលរបស់ក្រុមហ៊ុន AstraZeneca អាចទៅដល់ប្រទេសចិននៅពាក់កណ្តាលឆ្នាំ ២០២១។
+ ជប៉ុននឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣០ លានដូសនៅក្នុងខែមីនាឆ្នាំ ២០២១ និង ២៥០ លានដូសពីក្រុមហ៊ុន Novavax ។
+ កូរ៉េខាងត្បូងនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន COVAX ចំនួន ១០ លានដូសនៅចុងឆ្នាំនេះ និង ២០ លានដូសពីក្រុមហ៊ុនផ្សេងៗទៀតតាមការរៀបចំជាក់ស្តែង។
+ នៅចុងឆ្នាំនេះឥណ្ឌាក៏មានវ៉ាក់សាំងប្រើប្រាស់ដែរ ខណៈគេមិនទាន់ដឹងចំនួនជាក់ស្តែងនៅឡើយទេ។
+ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ កោះតៃវ៉ាន់នឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន COVAX ចំនួន ១៥ លានដូចយកទៅប្រើប្រាស់។
+ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ២០លានដូសយកទៅប្រើប្រាស់នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១។
+ ឥណ្ឌូនេស៊ីនឹងទទួលបានវ៉ាក់សាំងចន្លោះពី ១០៦-១០៧ លានដូសពីក្រុមហ៊ុន COVAX នៅដើមខែកុម្ភៈឆ្នាំក្រោយ។
+ វៀតណាមនឹងមានវ៉ាក់សាំងរបស់ក្រុមហ៊ុន COVAX សម្រាប់ពលរដ្ឋចំនួន ២០% នៃចំនួនពលរដ្ឋសរុបក្នុងពេលឆាប់ខាងមុខនេះ។
+ ប្រទេសបង់ក្លាដេសបានបញ្ជាទិញវ៉ាក់សាំង ៦៨ លានដូសពីក្រុមហ៊ុន AstraZeneca រួចរាល់ហើយ តែពេលវេលាដែលត្រូវទទួលបាននៅទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia