លោក ដូណាល់ ត្រាំ ហាក់ឱ្យសញ្ញាថា លោកនឹងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែនៅតែប្រកាន់ជំហរថាមានការបន្លំសន្លឹកឆ្នោត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើលោក ចូ បៃដិន ត្រូវបានបញ្ជាក់ជាផ្លូវការថាឈ្នះជាប្រធានាធិបតីអាមេរិកបន្ទាប់ ដោយសំឡេងឆ្នោតពីប្រតិភូ (electoral college)។ ជម្រាបដែរថាលោកប្រធានាធិបតីបដិសេធមិនទទួលយកការបរាជ័យនោះទេ ចាប់តាំងពីការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា ហើយបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វានឹងពិបាកក្នុងការទទួលយកការចាញ់នេះ។ លោកក៏បានអះអាងម្តងហើយម្តងទៀតនូវការអះអាងដោយគ្មានភ័ស្តុតាង អំពីការបន្លំសន្លឹកបោះឆ្នោត ខណៈដែលលោកបានចាញ់ក្នុងលទ្ធផល ៣០៦ ទល់នឹង ២៣២ សំឡេង។

ចំនួនសំឡេងឆ្នោតប្រតិភូលើសពី ២៧០ នឹងត្រូវកំណត់ថាឈ្នះ ដូច្នេះមានន័យថាលោក ចូ បៃដិន បានឈ្នះវ៉ាដាច់សំឡេងរបសលោក ដូណាល់ ត្រាំ យ៉ាងច្រើន ជាមួយនឹងការនាំមុខសំន្លឹកឆ្នោតចំនួន ៦លាន ។ អ្នកទាំង ២ នឹងជួបគ្នានៅខែក្រោយ ដើម្បីបញ្ជាក់ពីការបោះឆ្នោត ខណៈលោក ចូ បៃដិន ត្រូវពន្យារពេលស្បថកាន់តំណែង ក្នុងនាមជាប្រធានាធិបតីថ្មី រហូតដល់ថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១។ ចំណែកលោក ដូណាល់ ត្រាំ នឹងក្រុមរបស់គាត់គឺមិនព្រមចាញ់នោះទេ ដោយពួកគេតែងតែប្រើផ្លូវច្បាប់ប្រឆាំងនឹងលទ្ធផលចាញ់នេះ ប៉ុន្តែភាគច្រើនសុទ្ធតែត្រូវតុលាការច្រានចោល។
ឆ្លើយតបនឹងសំណួរដែលថា «តើគាត់នឹងចាកចេញពីសេតវិមានឬទេ ប្រសិនបើគាត់ពិតជាចាញ់សំឡេងប្រតិភូ» គាត់បាននិយាយថា៖ ខ្ញុំប្រាកដជាចេញ ខ្ញុំនឹងចេញ ហើយអ្នកក៏យល់បែបនោះ»។ ទោះយ៉ាងណាក៏ដោយគាត់បានបន្តនិយាយថា៖ «ប្រសិនបើពួកគេរើស [ជ្រើសរើសលោក ចូ បៃដិន] ពួកគេបានបង្កើតកំហុសមួយហើយ» និងបានស្នើថាគាត់នឹងមិនទទួលយកការបរាជ័យឡើយ។ លោកបន្ដប្រកាន់ជំហរខ្លួនថា៖ «វានឹងក្លាយជារឿងពិបាកមួយក្នុងការទទួលស្គាល់ ពីព្រោះយើងដឹងថាមានការក្លែងបន្លំយ៉ាងខ្លាំង»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC