ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើអ្នកដឹងទេ! លោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាង ៨០ លានសន្លឹក

    BY autoadmin November 27, 2020
    តើអ្នកដឹងទេ! លោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាង ៨០ លានសន្លឹក

    លោក ចូ បៃដិន បានក្លាយជាបេក្ខភាពប្រធានាធិបតីដំបូងគេបង្អស់ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ៨០ លានសន្លឹក ដោយចំនួនសំឡេងគាំទ្រដ៏ច្រើនបំផុតរបស់លោក នៅតែអាចកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់នៅទូទាំងប្រទេសនៅឡើយ។ គិតត្រឹមល្ងាចថ្ងៃអង្គារកន្លងទៅ លោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រច្រើនជាង ៨០,០១១,០០០ សំឡេង ខណៈប្រធានាធិបតីជិតអស់អាណត្តិលោក ដូណាល់ ត្រាំ ទទួលបានច្រើនជាង ៧៣,៨០០,០០០ នាក់។

    សំឡេងគាំទ្ររបស់ប្រធានាធិបតីថ្មីរូបនេះ ធ្វើឱ្យគាត់ក្លាយជាបេក្ខភាពដែលទទួលបានសំឡេងគាំទ្រច្រើនបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិក។

    លោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូចំនួន ៣០៦ សំឡេង រីឯលោក ដូណាល់ ត្រាំ គឺមាន ២៣២ សំឡេង។ សំឡេងប្រតិភូដែលប្រមូលពីបណ្ដារដ្ឋនានាច្រើនជាង ២៧០ គឺចាំបាច់ដើម្បីក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ជនជាតិអាមេរិកភាគច្រើនបានបោះឆ្នោតតាមអ៉ីមែលនៅឆ្នាំនេះ ដើម្បីការពារខ្លួនពីការប្រឈមនឹងមេរោគឆ្លង COVID-19 ហើយអ្នកជំនាញបានព្រមានជាច្រើនខែមកហើយថា កត្តានេះនឹងធ្វើឱ្យមានការរាប់សន្លឹកឆ្នោតរយៈពេលជាច្រើនថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។

    កំណត់ត្រាថ្មីរបស់លោក ចូ បៃដិន កាន់តែពង្រីកការឈ្នះរបស់គាត់លើលោក ដូណាល់ ត្រាំ ដែលគិតមកទល់ពេលនេះ មិនទាន់បានទទួលស្គាល់ការបោះឆ្នោតនៅឡើយទេ ខណៈដែលរដ្ឋបាលរបស់លោកបានចាប់ផ្តើមដំណើរការផ្លាស់ប្តូរប្រធានាធិបតីជាផ្លូវការ បន្ទាប់ពីរដ្ឋបាលសេវាកម្មទូទៅបានទទួលស្គាល់ការឈ្នះកាលពីថ្ងៃច័ន្ទ។ រដ្ឋមួយចំនួនបានចាប់ផ្តើមបញ្ជាក់លទ្ធផលនៃការបោះឆ្នោតរបស់ពួកគេ ដែលរួមមានរដ្ឋ Pennsylvania និង Nevada ដែលរដ្ឋទាំង ២ នេះបានបញ្ចប់ការរាប់របស់ពួកគេកាលពីថ្ងៃអង្គារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: