បញ្ហាសុខភាពទាំង ៧ នេះ អាចជាមូលហេតុនៃស្នាមជាំលើរាងកាយ ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ
៧. ការហាត់លើកទម្ងន់ ឬការលើកអ្វីមួយធ្ងន់ៗ ៖ ការហ្វឹកហាត់លើកទម្ងន់ គឺជាមូលហេតុបន្ទាប់បន្សំនៃបញ្ហាស្នាមជាំផ្សេងៗ។ វាមានន័យថា សសៃឈាមរបស់អ្នកកំពុងមានសភាពខ្សោយ ហើយនៅពេលសកម្មភាពរាងកាយខ្លាំងក្លាពេក ឬច្រើនពេកនោះ គឺងាយនឹងបណ្ដាលឲ្យកើតមានការខូចខាតដល់សសៃឈាម និងសូម្បីតែសសៃឈាមតូចៗដែលមានសុខភាពល្អក៏ដោយ។ ក្មេងតូចក៏អាចកើតមានស្នាមជាំផងដែរ ប្រសិនបើពួកគេស្ពាយកាតាបធ្ងន់។ ទោះជាយ៉ាងណា ស្នាមជាំបែបនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយវាគ្រាន់តែបង្ហាញឲ្យដឹងថា អ្នកបានលើករបស់ធ្ងន់ ឬកំពុងធ្វើសកម្មភាពរាងកាយណាមួយហួសប្រមាណពេក។

៦. ការទទួលទានថ្នាំ ៖ ការទទួលថ្នាំមួយចំនួនដែលមានឥទ្ធិពលលើឈាមអាចនាំឲ្យលេចឡើងនូវស្នាមជាំលើស្បែកដែលប្រែប្រួលពីមើលមិនសូវឃើញបំផុតទៅជាមានសភាពច្បាស់ ឬដិត។ ភាគច្រើនថ្នាំដែលធ្វើឲ្យលេចឡើងនូវស្នាមជាំលើស្បែកមានដូចជា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការរលាក ថ្នាំដែលមានជាតិដែក ឬថ្នាំប្រឆាំងនឹងជំងឺហឺត។ ថ្នាំទូទៅបំផុតដែលធ្វើឲ្យឈាមរាវ និងអាចបណ្ដាលឲ្យកើតមានស្នាមជាំលើស្បែក គឺថ្នាំអាស្ពីរីន។ ប្រសិនបើអ្នកសម្គាល់ឃើញថា បន្ទាប់ពីប្រើប្រាស់ថ្នាំណាមួយ ស្នាមជាំ ឬការរលាកប្រតិកម្មផ្សេងៗកើតមានលើស្បែក អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ អ្នកអាចនឹងត្រូវឲ្យឈប់ប្រើប្រាស់ថ្នាំប្រភេទនោះ ដើម្បីជៀសវាងបញ្ហានៃការហូរឈាមក្នុងរាងកាយ។

៥. ជំងឺឈាម ៖ ជំងឺឈាម និងសសៃឈាម ក៏អាចបណ្ដាលឲ្យកើតមានស្នាមជាំផងដែរ។ ជាញឹកញយ ជំងឺរីកសសៃឈាមវ៉ែន ជំងឺ Willebrand’s ជំងឺផ្លាកែតថយចុះ ឬជំងឺមហារីកឈាម ត្រូវបានបង្កឡើងដោយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងចរន្តឈាមរត់។ កុំពន្យារពេលនឹងទៅជួបគ្រូពេទ្យឲ្យសោះ ជាពិសេសប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាដែលគួរអោយព្រួយបារម្ភដទៃទៀតដូចជា ការឈឺចាប់ និងហើមជើង ឈាមអញ្ចាញ ហូរឈាមច្រមុះ ក៏ដូចជាស្នាមអ៊ុចក្រហមតូចៗលើរាងកាយ លេចឡើងអមមកជាមួយនឹងស្នាមជាំ។

៤. កង្វះសារធាតុចិញ្ចឹម ៖ ស្នាមជាំដែលលេចឡើងឥតមូលហេតុមួយចំនួនអាចជាសញ្ញាមួយដែលបង្ហាញឲ្យដឹងថា រាងកាយកំពុងជួបប្រទះនូវបញ្ហានៃកង្វះសារធាតុចាំបាច់ណាមួយហើយ។ ឧទាហរណ៍ វីតាមីន B12 ចូលរួមក្នុងការផលិតឈាម វីតាមីន K គឺទទួលខុសត្រូវចំពោះការកកនៃឈាម ហើយវីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាលិកាថ្មី។ វីតាមីនដ៏សំខាន់មួយទៀតនោះ គឺ វីតាមីន P ប្រសិនបើគ្មានវាទេនោះ ដំណើរការនៃការផលិតស្រទាប់កូឡាជែន គឺមិនអាចទៅរួចឡើយ ខណៈនោះសសៃឈាមនឹងប្រែជាស្ដើងដែលធ្វើឲ្យស្ថានភាពស្បែកកាន់តែអាក្រក់ឡើង។ តុល្យភាពនៃជាតិដែកក៏មានសារៈសំខាន់សម្រាប់រាងកាយផងដែរ ហើយការខ្វះ ឬលើសនៃជាតិដែកអាចបណ្ដាលស្ថានភាពនៃសសៃឈាមឆ្មារៗប្រែជាអាក្រក់។ ទោះជាយ៉ាងណា កុំប្រញាប់ទិញថ្នាំគ្រាប់វីតាមីនមកទទួលទានពេក ត្រូវធ្វើតេស្តជាតិវីតាមីនក្នុងរាងកាយជាមុនសិន និងរៀបចំរបបអាហារឲ្យបានត្រឹមត្រូវ។ ប្រភពនៃវីតាមីន P មានដូចជា តែបៃតងស្រស់ ផ្លែប៉ោម ល្ពៅ និងខ្ទឹមស។ ចំណែកឯវីតាមីន K វិញអាចត្រូវបានរកឃើញនៅក្នុងផ្លែចេក ស៊ុត គ្រាប់ធញ្ញជាតិ និងខ្លាញ់ត្រី។ វីតាមីន B12 សម្បូរនៅក្នុងថ្លើម សាច់ត្រី ឈីស និងសាលាដ។

៣. អតុល្យភាពនៃអ័រម៉ូន ៖ ស្នាមជាំអាចលេចឡើង ប្រសិនបើកម្រិតនៃអ័រម៉ូនអឺស្ត្រូសែន (estrogen) ថយចុះទាប។ ស្ថានភាពបែបនេះអាចកើតឡើងប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពអស់រដូវ ឬប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំអ័រម៉ូន ឬប្រសិនបើអ្នកកំពុងមានផ្ទៃពោះ។ កង្វះអ័រម៉ូនអឺស្ត្រូសែនធ្វើឲ្យសរសៃឈាមចុះខ្សោយ ហើយជញ្ជាំងនៃសរសៃឈាមឆ្មារៗ គឺងាយនឹងទទួលរងការខូចខាតណាស់។

២. ភាពប្រែប្រួលដែលពាក់ព័ន្ធនឹងអាយុ ៖ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឲ្យដឹងថា មូលហេតុចម្បងធម្មជាតិមួយនៃបញ្ហាស្នាមជាំលើរាងកាយ គឺអាយុ។ប្រព័ន្ធសរសៃឈាមចុះខ្សោយទៅតាមអាយុ ហើយជាលិកាបាត់បង់នូវការបត់បែន ឬយឺត។ ស្នាមជាំដែលកើតឡើងបណ្ដាលមកពីអាយុភាគច្រើនលេចឡើងនៅលើជើង។

១. ជំងឺទឹកនោមផ្អែម ៖ ឈាម និងជាតិស្ករ គឺអ្វីដែលនឹងត្រូវបានលើកឡើងនៅពេលនិយាយដល់ជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមមានឥទ្ធិពលអវិជ្ជមានលើដំណើរការនៃចរន្តឈាមរត់ ដូច្នេះវាងាយនឹងកើតមានស្នាមជាំ។ ហើយស្នាមជាំទាំងនោះក៏អាចជារោគសញ្ញាមួយនៃជំងឺនេះដំណាក់កាលដំបូង។ រោគសញ្ញាផ្សេងទៀតមានដូចជា អ្នកឧស្សាហ៍ស្រេកទឹក របួសយូរជាសះស្បើយ ឆាប់ហត់នឿយអស់កម្លាំង មើលលែងច្បាស់ និងមានស្នាមសៗលេចឡើងលើស្បែក៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside