អ៉ីរ៉ង់និយាយថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោរបស់ខ្លួន ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារមួយ
អ៉ីរ៉ង់បាននិយាយថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោម្នាក់របស់ខ្លួន ត្រូវបានគេធ្វើឃាតនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងការវាយប្រហារទៅលើរថយន្តរបស់គាត់ នៅខាងក្រៅទីក្រុងតេអេរ៉ង់ ហើយខ្លួនបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយរឿងនេះ។ ក្រសួងការពារជាតិអ៉ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រឈ្មោះ Mohsen Fakhrizadeh បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមអ្នកវាយប្រហារបានវាយប្រហាររថយន្តរបស់គាត់ នៅមុនពេលមានការផ្ទុះអាវុធជាមួយក្រុមសន្តិសុខរបស់គាត់។

របាយការណ៍នោះបានបន្ថែមទៀតថា លោក Fakhrizadeh ដែលជាប្រធានអង្គការស្រាវជ្រាវនិងច្នៃប្រតិដ្ឋរបស់ក្រសួង ក្រោយមកត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីគ្រូពេទ្យមិនអាចធ្វើឱ្យគាត់រស់ឡើងវិញបាន។ ជម្រាបដែរថាលោក Mohsen Fakhrizadeh ត្រូវបានពិពណ៌នាដោយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Benjamin Netanyahu ថាជាបិតានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ គាត់បានធ្វើដំណើរតាមរថយន្តមួយនៅជិតក្រុងអាប់សាដ នៃទីក្រុងតេអេរ៉ង់ ក្នុងដាម៉ាវ៉ានខោនធីភាគខាងកើត។
របាយការណ៍របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ស្តីពីការធ្វើឃាតបានពិពណ៌នាគាត់ថាជា៖«អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសរបស់យើង» ហើយបាននិយាយថា អ៉ីស្រាអែលមានចិត្តអមិត្តចំពោះលោក។ រដ្ឋមន្រ្តីក្រសួងការបរទេសអ៉ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់អ៉ីស្រាអែល នៅក្នុងការធ្វើឃាតអ្នកវិទ្យាសាស្ត្រដ៏សំខាន់របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia