លិខិតឆ្លងដែនក្លែងក្លាយអង់គ្លេសត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតពេញបណ្តាញសង្គម
អង់គ្លេស៖ លិខិតឆ្លងដែនក្លែងក្លាយសម្រាប់ប្រជាពលរដ្ឋអង់គ្លេសត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតតាមរយៈបណ្តាញសង្គម ដែលទីផ្សារខុសច្បាប់នេះហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ។ បើយោងតាមការតាមដានរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា ចលនានៃការលក់លិខិតឆ្លងដែនក្លែងក្លាយនេះបានកើតមាន៣ឆ្នាំ មកហើយ គ្រាន់តែថាកាលពីមុនជនខិលខូច ហាក់មិនសូវហ៊ានលក់ដោយបើកចំហរនោះទេ តែពេលនេះគឺជនខិលខូចបានប្រើប្រាស់បណ្តាញសង្គម Facebook ធ្វើការផ្សព្វផ្សាយលក់យ៉ាងធនាធិបតេយ្យតែម្តង។
លិខិតឆ្លងដែនក្លែងក្លាយនេះមានលក្ខណៈដូចគ្នាទៅនឹងលិខិតឆ្លងដែនមែនទែនអីចឹង ហើយវាត្រូវបានជនខិលខូចដាក់លក់ក្នុងតម្លៃចន្លោះពី ១,០៦០ ដុល្លារសម្រាប់លិខិតឆ្លងដែនធម្មតា និងតម្លៃ ៣,៤៥០ ដុល្លារសម្រាប់លិខិតឆ្លងដែនប្រភេទ VIP។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរអង់គ្លេសកំពុងតែចាត់វិធានការសំខាន់មួយចំនួន ដើម្បីទប់ស្កាត់ចលនានៃការលក់លិខិតឆ្លងដែនក្លែងក្លាយនេះ និងតាមចាប់ជនខិលឲ្យមកទទួលទោស៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail