បងស្រីរវល់តែថតវីដេអូដាក់ TikTok មិនបានចាប់អារម្មណ៍ប្អូនលង់ទឹកអាងស្លាប់តែម្នាក់ឯង
ឥណ្ឌូនេស៊ី៖ សាកសពរបស់ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញនៅបាតអាំងទឹកក្នុងផ្ទះលំហែរមួយកន្លែងក្នុងតំបន់ Buleleng កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលហេតុការណ៍នេះបានកើតឡើងដោយសារតែបងស្រីរបស់ជនរងគ្រោះរវល់តែថតវីដេអូសម្រាប់បង្ហោះក្នុងកម្មវិធី TikTok ខ្លាំងពេលរហូតទុកឲ្យប្អូនស្រីលង់ទឹកស្លាប់តែម្នាក់ឯង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បងស្រីរបស់ជនរងគ្រោះមានអាយុ ១៧ ឆ្នាំ គឺជាអ្នកឧស្សាហ៍លេង TikTok ម្នាក់ ហើយនៅក្នុងថ្ងៃកើតហេតុ បងស្រីជនរងគ្រោះបានទៅស្នាក់នៅផ្ទះលំហែរដែលជាកន្លែងកើតហេតុចំនួន ២ ថ្ងៃដើម្បីថតវីដេអូ TikTok ជាមួយនឹងមិត្តភក្តិ ២-៣ នាក់ផ្សេងទៀត ដោយគាត់បាននាំប្អូនស្រីដែលជាជនរងគ្រោះទៅជាមួយផង។

ប្រភពខាងលើបានបន្តថា ព្រោះតែរវល់នឹងការថតវីដេអូខ្លាំងពេកបងស្រីរបស់ជនរងគ្រោះក៏បានទុកនាងចោលតែម្នាក់ឯងនៅក្បែរអាងទឹក ហើយជាអកុសលក្មេងស្រីរងគ្រោះក៏បានរអិលដួលបោកក្បាលសន្លប់និងធ្លាក់ចូលទៅក្នុងអាងទឹកតែម្តង។ ព្រោះហេតុផលនេះហើយទើបគេមិនបានឮសំឡេងក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយដូចអ្នកលង់ទឹកផ្សេងទៀតឡើយ ហើយប្រមណជា ១៥ នាទីក្រោយមកក៏មានគេប្រទះឃើញក្មេងស្រីរងគ្រោះដេកស្លាប់នៅបាតអាងទឹកតែម្តង។ តាមរយៈហេតុការណ៍នេះ សុំប្រិយមិត្តទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលាកុំទុកឲ្យក្មេងៗនៅក្បែរប្រភពទឹកតែម្នាក់ឯងឲ្យសោះ ព្រោះគ្រោះថ្នាក់ចៃដន្យអាចកើតមានឡើងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
អត្ថបទ៖ ភក្តី
ប្រភព៖ Coconuts