ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងតាមដានពលរដ្ឋប្រហែល ២០០នាក់ ដែលអាចមានហានិភ័យឆ្លងជំងឺកូវីដ១៩ ដោយសារមានជនជាតិថៃ ៣នាក់ គេចពីកន្លែងដាក់ដោយឡែក ហើយក្រោយមកបានតេស្ដវិជ្ជមានជាមួយជំងឺ

    BY autoadmin November 30, 2020
    ថៃកំពុងតាមដានពលរដ្ឋប្រហែល ២០០នាក់ ដែលអាចមានហានិភ័យឆ្លងជំងឺកូវីដ១៩ ដោយសារមានជនជាតិថៃ ៣នាក់ គេចពីកន្លែងដាក់ដោយឡែក ហើយក្រោយមកបានតេស្ដវិជ្ជមានជាមួយជំងឺ

    ប្រទេសថៃកំពុងធ្វើការតាមដានពលរដ្ឋប្រហែល ២០០នាក់ នៅតាមខេត្តភាគខាងជើងរបស់ខ្លួន នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីមានជនជាតិថៃ ៣នាក់ បានត្រឡប់ចូលមកក្នុងប្រទេសវិញដោយខុសច្បាប់ចេញពីប្រទេសភូមា និងក្រោយមកក៏បានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ អភិបាលខេត្តឈៀងរ៉ៃលោក Prachon Pratsakul បាននិយាយថា មានស្ត្រី ៣នាក់ បានគេចពីប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ហើយបានឆ្លងកាត់តាមព្រំដែនធម្មជាតិ កាលពីថ្ងៃអង្គារ និងថ្ងៃសុក្រ ដែលការនេះវាបានធ្វើឱ្យពួកគេអាចគេចពីការធ្វើចត្តាឡីស័ក ដែលរដ្ឋតម្រូវសម្រាប់អ្នកទើបមកពីបរទេស។

    លោក Prachon Pratsakul បានប្រាប់សន្និសីទកាសែតថា គិតមកទល់ពេលនេះមានប្រជាជនចំនួន ៣៥៦ នាក់ នៅក្នុងខេត្តឈៀងរ៉ៃ និងឈៀងម៉ៃ អាចមានហានិភ័យប៉ះពាល់នឹងជំងឺ  ហើយពួកគេភាគច្រើនគឺជាបុគ្គលិក និងអតិថិជន នៃសណ្ឋាគារ ផ្សារទំនើប រោងកុន ភោជនីយដ្ឋាន និងអ្នកដំណើរតាមឡានវ៉ែន ឬតាក់ស៊ី។

    ជម្រាបដែរថា ប្រទេសថៃមានវិធានការណ៍ និងការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង ដើម្បីរក្សាមេរោគឆ្លងនេះឱ្យបានតិចជាង ៤ ០០០ នាក់ និងស្លាប់ក្រោម ៦០ នាក់ ទោះបីសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ និងកំពុងតែយ៉ាប់យ៉ឺនក៏ដោយ។ ការឆ្លងភាគច្រើននៅក្នុងប៉ុន្មានខែថ្មីៗនេះត្រូវបាននាំចូល និងត្រូវបានរកឃើញនៅក្នុងកន្លែងដាក់ដាច់ដោយឡែករៀបចំដោយរដ្ឋ ហើយមានតែករណីមួយចំនួនតូចប៉ុណ្ណោះជាការឆ្លងក្នុងសហគមន៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: