ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលប្រទេសថៃបានអនុម័តលើការកំណត់ល្បឿននៅលើផ្លូវថ្នល់ ដែលអាចបើកបរលឿនជាងមុនរហូតដល់ទៅ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង

    BY autoadmin December 2, 2020
    រដ្ឋាភិបាលប្រទេសថៃបានអនុម័តលើការកំណត់ល្បឿននៅលើផ្លូវថ្នល់ ដែលអាចបើកបរលឿនជាងមុនរហូតដល់ទៅ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធនេះបានរាយការណ៍ថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានអនុម័តលើល្បឿនកំណត់នៅលើផ្លូវជាតិ និងផ្លូវហាយវ៉េ ឱ្យបានលឿនជាងមុនរហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីម្សិលមិញបានអនុម័តជាគោលការណ៍ លើសេចក្តីព្រាងបទបញ្ញត្តិស្តីពីការកំណត់ល្បឿននៅលើផ្លូវហាយវ៉េ ដែលបានស្នើដោយក្រសួងដឹកជញ្ជូន។

    បទប្បញ្ញត្តិនេះអាចអនុវត្តបានចំពោះផ្លូវហាយវ៉េ ដែលមានគន្លងយ៉ាងតិច ២ ដែលកំពុងរត់ក្នុងទិសដៅតែមួយ និងមានបរិក្ខារចែកទ្រូងផ្លូវ ជាមួយនឹងរបាំងការពារត្រឹមត្រូវ។ ផ្លូវថ្នល់ក៏មិនត្រូវឱ្យមានចន្លោះណាមួយ ដែលអាចឱ្យអ្នកជិះយានយន្តជិះបកក្រោយ (U-turn) នោះដែរ។ លោកស្រីបាននិយាយថា ការកំណត់ល្បឿនថ្មីត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍។

    ល្បឿនកំណត់សម្រាប់រថយន្តដឹកទំនិញផ្ទុកទម្ងន់លើសពី ២ ២០០ គីឡូក្រាម និងឡានក្រុងដែលមានអ្នកដំណើរលើសពី ១៥នាក់ គឺ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង រីឯរថយន្តក្រុងដែលមានអ្នកដំណើរ ៧-១៥ នាក់ អាចឡើងដល់ ១០០ គីឡូម៉ែត្រ / ម៉ោង។ ទោចក្រយានយន្តធុនតូចនឹងមិនអនុញ្ញាតឱ្យលើសពី ៨០ គីឡូម៉ែត្រ/ម៉ោង នោះទេ ចំណែកម៉ូតូដែលមានកម្លាំង ៤០០ សេសេ និងម៉ាស៊ីន ៣៥ គីឡូវ៉ាត់ និងលើសពីនេះ ត្រូវបានកំណត់ត្រឹម ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឡានក្រុងសាលាមិនត្រូវលើសពីដែនកំណត់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: