ការសិក្សានៅជប៉ុនបានបង្ហាញថា អ្នកធ្លាប់មានជំងឺកូវីដ១៩ អាចមានអង់ទីករការពារខ្លួនពីជំងឺនេះបានយ៉ាងហោចណាស់ ៦ខែ
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានរកឃើញថា អ្នកធ្លាប់មានជំងឺ COVID-19 មានអង្គបដិប្រាណការពារ (អង់ទីករ) យ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីឆ្លងជំងឺនេះ។ ការសិក្សាត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យទីក្រុងយូកូហាម៉ា និងស្ថាប័នដទៃទៀត ដែលបានធ្វើការសិក្សាលើមនុស្សចំនួន ៣៧៦ នាក់ ក្នុងវ័យពី ២០ ទៅ ៧០ឆ្នាំ ដែលបានឆ្លងជំងឺនេះនៅចន្លោះខែកុម្ភៈ និងឧសភា។ ពួកគេបានវិភាគយ៉ាងលម្អិត ទៅលើគំរូឈាមអ្នកធ្លាប់កើតជំងឺ COVID-19 នៅអំឡុងពេលនោះ ហើយជាលទ្ធផលពួកគេរកឃើញថា អ្នកជំងឺនៅតែមានអង់ទីករដើម្បីការពារខ្លួនពីការឆ្លងជំងឺម្ដងទៀត។

អ្នកស្រាវជ្រាវបានរកឃើញថា ៩៧% នៃមនុស្សដែលមិនចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាល មានអង់ទីករនៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេ ហើយ ១០០% នៃអ្នកដែលមានរោគសញ្ញាកម្រិតមធ្យម ឬធ្ងន់ធ្ងរ ក៏មានអង់ទីករបន្សាបនៅក្នុងប្រព័ន្ធរបស់ពួកគេដូចគ្នា។ ជម្រាបដែរថា អង្គបដិប្រាណ ឬអង់ទីករ គឺជាប្រភេទប្រូតេអ៉ីនមួយដែលផលិតនៅក្នុងខ្លួនអ្នកជំងឺ បន្ទាប់ពីពួកគេបានឆ្លងរោគ។ វាត្រូវបានគេជឿថា ធ្វើឱ្យសកម្មភាពវីរុសចុះខ្សោយ និងការពារការឆ្លងបន្ថែមទៀត។
អ្នកស្រាវជ្រាវនិយាយថា អង្គបដិប្រាណកាន់តែខ្លាំង ត្រូវបានរកឃើញចំពោះមនុស្សដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មានន័យថា អ្នកដែលមានអង់ទីករក្នុងខ្លួន មានហានិភ័យទាបក្នុងការឆ្លងយ៉ាងហោចណាស់រយៈពេល ៦ខែ បន្ទាប់ពីនោះ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះគឺជាដំណឹងល្អសម្រាប់ការអភិវឌ្ឍវ៉ាក់សាំង។ ពួកគេក៏និយាយផងដែរថា ពួកគេនឹងធ្វើការសិក្សាបន្ថែមនៅរយៈពេល ៦ខែ បន្ទាប់ទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK