ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា បុគ្គលិកសុខាភិបាលអាមេរិកជិត ៤០% មិនទាន់ហ៊ានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅឡើយទេ

    BY autoadmin December 2, 2020
    ការសិក្សាមួយបានបង្ហាញថា បុគ្គលិកសុខាភិបាលអាមេរិកជិត ៤០% មិនទាន់ហ៊ានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅឡើយទេ

    អាមេរិក៖ ខណៈដែលប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកសម្តែងនូវសេចក្តីត្រេកអរចំពោះវ៉ាក់សាំងការពារជំងឺកូវីដ​១៩ ដែលទើបរកឃើញដោយក្រុមហ៊ុនអាមេរិកនោះ ស្រាប់តែមានការសិក្សាមួយបានបង្ហាញថា បុគ្គលិកសុខាភិបាលអាមេរិកជិត ៤០% មិនទាន់ហ៊ានសម្រចចិត្តចាក់វ៉ាក់សាំងនេះនៅឡើយទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការសិក្សាមួយនេះបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និងបានស្ទង់មតិក្នុងចំណោមពលរដ្ឋទូទៅនិងបុគ្គលិកសុខាភិបាលជាច្រើននាក់កាលពីអំឡុងខែវិច្ឆិកានេះ។

    លទ្ធផលនៃសិក្សាបានបង្ហាញថា បុគ្គលិកសុខាភិបាលដែលមានទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាចំនួន ៣៧%បានបញ្ចេញមតិថា​ ពួកគេទំនងជាមិនចាក់វ៉ាក់សាំងឡើយ ២១%បង្ហាញគំនិតយ៉ាងច្បាស់លាស់ថា ពួកគេនឹងចាក់វ៉ាក់សាំង ខណៈ ៤២%ផ្សេងទៀតបានឲ្យដឹងថា ពួកគេទំនងជាចាក់វ៉ាក់សាំង។ ចំពោះមូលហេតុដែលជំរុញឲ្យបុគ្គលិកសុខាភិបាលអាមេរិកមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះក៏ដោយសារតែពួកគេមិនទាន់ជឿទុកចិត្ត ១០០% ទៅលើគុណភាពរបស់វ៉ាក់សាំងព្រោះតែវ៉ាក់សាំងត្រូវបានចំណាយពេលលឿនពេកក្នុងការផលិត។ ពលរដ្ឋខ្លះបានលើកឡើងថា វិបត្តិនយោបាយនៅក្នុងសហរដ្ឋអាមេរិកក៏អាចជាកត្តាមួយអាចជះឥទ្ធិពលដល់គុណភាពវ៉ាក់សាំងដែរ ដូចជាក្រុមអ្នកនយោបាយព្យាយាមផលិតវ៉ាក់សាំងឲ្យខានតែបានដើម្បីទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋដោយមិនបានផ្តោតសំខាន់ទៅលើគុណភាពជាចម្បងនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

    Share This Post: