សាំងហ្គាពួរបើកឱ្យមានការប្រើប្រាស់សាច់មាន់អនាម័យម៉្យាង ដែលជាសាច់បង្កើតក្នុងមន្ទីរពិសោធន៍ មិនមែនជាសាច់សត្វរស់នោះទេ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សាំងហ្គាពួរបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិថ្មីមួយ ដើម្បីឱ្យមានការប្រើប្រាស់ «សាច់អនាម័យ» ដំបូងបង្អស់របស់ពិភពលោក ដែលសាច់ចិញ្ចឹមក្នុងមន្ទីរពិសោធន៍ មិនមែនមកពីសាច់សត្វដែលត្រូវគេសម្លាប់នោះទេ។ ការសម្រេចចិត្តនេះបើកផ្លូវសម្រាប់ក្រុមហ៊ុន Eat Just ដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីធ្វើការលក់សាច់មាន់ទាំងនេះនៅក្នុងទីផ្សារឆាប់ៗ។ ដំបូងឡើយសាច់នេះគ្រោងត្រូវប្រើធ្វើជាដុំសាច់ «Nugget» ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយថា ពេលណាវានឹងមានលក់នោះទេ។ វាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីសុខភាព សុខមាលភាពសត្វ និងបរិស្ថាន។

ប្រភពព័ត៌មានបាននិយាយថា ទីផ្សារសម្រាប់ជម្រើសសាច់អនាម័យនេះ អាចមានតម្លៃ ១៤០ ពាន់លានដុល្លារ ក្នុងមួយទសវត្សបន្ទាប់ ឬប្រហែល ១០% នៃឧស្សាហកម្មសាច់សកល ដែលមានតម្លៃ ១.៤ ទ្រីលានដុល្លារ។ ជម្រើសសាច់ដែលមានមូលដ្ឋានលើរុក្ខជាតិ ដូចជាក្រុមហ៊ុន Beyond Meat និង Impossible Foods ត្រូវបានគេរកមានកាន់តែច្រើននៅលើធ្នើផ្សារទំនើប និងម៉ឺនុយភោជនីយដ្ឋាន។ ប៉ុន្តែផលិតផលរបស់ Eat Just គឺខុសគ្នា ព្រោះវាមិនមានមូលដ្ឋានលើរុក្ខជាតិ ប៉ុន្តែផ្ទុយទៅវិញត្រូវបានដាំដុះពីកោសិកាសាច់ដុំសត្វនៅក្នុងមន្ទីរពិសោធន៍។
ក្រុមហ៊ុន Eat Just បានហៅវាថា ជារបកគំហើញសម្រាប់ឧស្សាហកម្មម្ហូបអាហារពិភពលោក ហើយសង្ឃឹមថាប្រទេសផ្សេងទៀតនឹងអនុវត្តតាម។ តម្លៃរបស់សាច់មាន់អនាម័យនោះនៅមិនទាន់បញ្ជាក់ច្បាស់ទេ ប៉ុន្តែ Eat Just ពីមុនបាននិយាយថា ខ្លួននឹងលក់ដុំសាច់មាន់ «Nugget» ដែលចិញ្ចឹមដោយមន្ទីរពិសោធន៍ក្នុងតម្លៃ ៥០ដុល្លារ ក្នុងទំហំស្មើមាន់មួយក្បាល។ គេនិយាយថាតម្លៃសាច់មាន់អនាម័យនោះបានចុះថយ ប៉ុន្តែយ៉ាងណាវានៅតែថ្លៃជាងសាច់មាន់បួស ដែលមានមូលដ្ឋានលើរុក្ខជាតិដដែល៕


អត្ថបទ៖ លីដា
ប្រភព៖ BBC