អ័រម៉ូនទាំង ៩ ដែលបណ្ដាលឲ្យអ្នកធាត់ ហើយអត្ថបទនេះនឹងបង្ហាញពីវិធីងាយៗដើម្បីទប់ស្កាត់បញ្ហានៃការកើនទម្ងន់
ជាញឹកញយការឡើងទម្ងន់ គឺផ្សារភ្ជាប់ជាមួយនឹងការទទួលតានលើសកម្រិត ប៉ុន្តែក៏អាចបណ្ដាលមកពីបញ្ហាអ័រម៉ូនផ្សេងៗផងដែរ។ ខណៈដែលការឡើងទម្ងន់ គឺងាយ ការសម្រក គឺមិនដូចគ្នាឡើយ។ កត្តាមួយចំនួនដូចជា ភាពតានតឹង អាយុ ហ្សែន និងរបៀបនៃការរស់នៅមិនសមស្របអាចបណ្តាលឲ្យកើតមានបញ្ហាអតុល្យភាពអ័រម៉ូន ជាលទ្ធផលបង្កជាជំងឺធាត់។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអ័រម៉ូនចំនួន ៩ ដែលបណ្ដាលឲ្យកើតមានអតុល្យភាពក្នុងរាងកាយជាលទ្ធផលនៃការឡើងទម្ងន់ រួមជាមួយនឹងវិធីងាយៗដើម្បីគ្រប់គ្រង់អ័រម៉ូនទាំងនោះឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ ៖
១. អ័រម៉ូនទីរ៉ូអ៊ីត ៖ ក្រពេញទីរ៉ូអ៊ីតមានទីតាំងស្ថិតនៅដើមករបស់អ្នក។ វាផលិតនូវអ័រម៉ូន T3 T4 និង Calcitonin ដែលទទួលខុសត្រូវចំពោះការរក្សា ឬថែទាំការដុតរំលាយអាហារក្នុងរាងកាយ។ នៅក្រោមការផលិតអ័រម៉ូនទាំងនេះអាចនាំឲ្យកើតមានជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ហើយជាញឹកញយជំងឺនេះផ្សារភ្ជាប់ជាមួយនឹងការឡើងទម្ងន់ ដោយសារតែការប្រមូលផ្តុំទឹកនៅក្នុងខ្លួន(មិនមែនខ្លាញ់នោះទេ) ដែលធ្វើឲ្យមនុស្សម្នាក់មើលទៅធាត់។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែប្រើប្រាស់អំបិលអ៊ីយ៉ូត។ ព្យាយាមទទួលអាហារដែលចម្អិនបានឆ្អិនល្អ ជៀសវាងការទទួលទានបន្លែឆៅ។ លេបថ្នាំគ្រាប់វីតាមីន D ហើយកុំភ្លេចទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីដូចជា អយស្ទ័រ និងគ្រាប់ល្ពៅជាដើម។

២. អ័រម៉ូនអាំងស៊ុយលីន ៖ គឺជាអ័រម៉ូនដែលបង្កើងឡើងដោយលំពែង។ វាជួយដឹកនាំជាតិគ្លុយកុស ឬជាតិស្ករទៅក្នុងកោសិកាដើម្បីប្រើប្រាស់ជាថាមពល ឬរក្សាទុកជាជាតិខ្លាញ់ដោយរក្សាកម្រិតជាតិគ្លុយកូសក្នុងឈាម។ ការទទួលទានអាហារកែច្នៃ អាហារសម្រន់គ្មានជីវជាតិ ជាតិអាល់កុល ឬភេសជ្ជៈមានផ្ទុកជាតិផ្អែមកែច្នៃច្រើនលើសពេកអាចបណ្ដាលឲ្យរាងកាយធន់នឹងអាំងស៊ុយលីន។ បញ្ហានេះធ្វើឲ្យកោសិកាសាច់ដុំមិនទទួលស្គាល់អាំងស៊ុយលីនដែលមានផ្ទុកគ្លុយកូស ជាលទ្ធផលជាតិស្ករគ្លុយកូសត្រូវនៅសល់ក្នុងចរន្តឈាម។ ខណៈនោះកម្រិតជាតិស្ករក្នុងឈាមនឹងត្រូវកើនឡើងបង្កជាការឡើងទម្ងន់ និងជំងឺទឹកនោមផ្អែមប្រភទទី ២។ដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរព្យាយាមទទួលទានបន្លែស្លឹកបៃតង ផ្លែឈើតាមរដូវ និងបន្លែតាមរដូវ។ ដើម្បីបង្កើនកម្រិតអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ចូរទទួលទានត្រីមានខ្លាញ់ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ។ ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៤ លីត្ររាល់ថ្ងៃ។ ចាប់ផ្ដើមធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៤ ម៉ោងក្នុងមួយសប្តាហ៍។ ជៀសវាងការទទួលទានជាតិអាល់កុល អាហារសម្រន់ពេលយប់ជ្រៅ ភេសជ្ជៈដែលមានផ្ទុកជាតិផ្អែមកែច្នៃ។

៣. អ័រម៉ូនស្ត្រេស Cortisol ៖ ជាអ័រម៉ូនបញ្ចេញដោយក្រពេញ adrenal នៅពេលអ្នកធុញថប់ តប់ប្រមល់ ស្ត្រេស ធ្លាក់ទឹកចិត្ត អន្ទះសារ ខឹង ឬរងរបួសរាងកាយ។ មុខងារចម្បងរបស់វា គឺកាត់បន្ថយកម្រិតនៃភាពស្ត្រេសតានតឹងដោយបង្កើនកម្រិតជាតិស្ករក្នុងឈាម ទប់ប្រព័ន្ធភាពស៊ាំ ហើយជួយដល់ការដុតបំប្លែងសារជាតិខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតក្នុងរាងកាយ។ ការរស់នៅពោពេញដោយភាពតានតឹងញឹកញយបណ្ដាលឲ្យរាងកាយបញ្ចេញនូវអ័រម៉ូន cortisol ច្រើនលើសប៉ះពាល់ដល់សុខភាពទូទៅ ដោយការរក្សាទុកនូវជាតិខ្លាញ់ និងជម្រុញការការលូតឡាស់កោសិកាខ្លាញ់។ ដើម្បីជៀសវាងបញ្ហានេះ ចូរគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងរៀងរាល់យប់។ ជៀសវាងអាហារកែច្នៃ អាហារបំពងខ្លាញ់ជាប់ខ្លាញ់ច្រើន និងជាតិអាល់កុល។ ហាត់យូហ្កា ឬធ្វើសមាធិសម្រួលអារម្មណ៍យ៉ាងហោចណាស់ ១ ម៉ោងរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។ ការចំណាយពេលខ្លះជាមួយគ្រួសារ និងមិត្តភក្តិធ្វើរឿងសប្បាយៗក៏ជាដំណោះស្រាយដ៏ប្រសើរផងដែរ។

៤. អ័រម៉ូនតេស្តូស្តេរ៉ូន ៖ ត្រូវបានគេចាត់ទុកថាជា អ័រម៉ូនបុរស ប៉ុន្តែក៏មាននៅក្នុងរាងកាយរបស់មនុស្សស្រីផងដែរ។ វាជួយដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសុខភាពឆ្អឹង និងសាច់ដុំ ហើយបង្កើនចំណង់ផ្លូវភេទ។ ចំពោះស្ត្រី អាយុ និងកម្រិតនៃភាពតានតឹងខ្ពស់អាចបណ្ដាលអោយមានការថយចុះនៃកម្រិតអ័រម៉ូននេះ ហើយវានឹងបង្កជាបញ្ហាមួយចំនួនដូចជា ការបាត់បង់ដង់ស៊ីតេ ឬម៉ាសឆ្អឹង ការបាត់បង់ម៉ាសសាច់ដុំ និងជំងឺធាត់។ ដើម្បីជៀសវាងបញ្ហានេះ ចូរព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុល។ ប្រើប្រាស់ថ្នាំគ្រាប់ប្រូតេអ៊ីន ហើយកុំភ្លេចទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃដូចជា គ្រាប់ធញ្ញជាតិសុទ្ធមិនកែច្នៃ គ្រាប់ល្ពៅ ជាដើម។

៥. អ័រម៉ូន Progesterone ៖ កម្រិតនៃអ័រម៉ូន Progesterone និង អ័រម៉ូនអេស្ត្រូជែន (Estrogen) នៅក្នុងរាងកាយគួរតែមានតុល្យភាព ដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ កម្រិតនៃអ័រម៉ូន Progesterone អាចធ្លាក់ចុះដោយសារតែហេតុផលជាច្រើនដូចជា ស្ត្រេស ការប្រើថ្នាំពន្យារកំណើតជាដើម និងការឈានចូលដល់វ័យអស់រដូវជាដើម។ បញ្ហានេះបណ្ដាលឲ្យកើនទម្ងន់ និងកើតជំងឺធ្លាក់ទឹកចិត្ត។ ដើម្បីជៀសវាង ចូរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំ។ ព្យាយាមកាត់បន្ថយអារម្មណ៍តានតឹង។

៦. អ័រម៉ូនអេស្ត្រូជែន (Estrogen) ៖ ជាអ័រម៉ូនស្ត្រី។ ករណីអតុល្យភាពនៃកម្រិតអ័រម៉ូនអេស្ត្រូជែននៅក្នុងរាងកាយអាចបណ្ដាលឲ្យកើនទម្ងន់។ កម្រិតខ្ពស់នៃអ័រម៉ូនអេស្ត្រូជែននៅក្នុងរាងកាយអាចបណ្ដាលមកពីការផលិតផលអ័រម៉ូនលើស ឬរបបអាហារដែលជួយបង្កើនកម្រិតនៃអរម៉ូនអ៊ឹស្ត្រូជែន។ នៅពេលកម្រិតនៃអ័រម៉ូននេះឡើងខ្ពស់ កោសិកាដែលផលិតអាំងស៊ុយលីនទទួលរងភាពតានតឹងធ្វើឲ្យអ្នកធន់នឹងអាំងស៊ុយលីន ខណៈនោះកម្រិតនៃជាតិស្ករក្នុងឈាមនឹងកើនខ្ពស់បណ្ដាលឲ្យឡើងទម្ងន់។ ស្ត្រីអស់រដូវមានកំរិតអ័រម៉ូនអឺស្ត្រូជែនទាប ហើយដើម្បីបំពេញការផ្គត់ផ្គង់អ័រម៉ូនអេស្ត្រូជែនរាងកាយចាប់ផ្តើមស្វែងរកប្រភពដទៃទៀតដែលផលិតអ័រម៉ូនអឺស្ត្រូជែន។ ប្រភពមួយក្នុងចំណោមនោះ គឺកោសិកាខ្លាញ់។ នៅពេលកម្រិតអ័រម៉ូនអេស្ត្រូជែនថយចុះ រាងកាយនឹងចាប់ផ្តើមបម្លែងប្រភពថាមពលទាំងអស់ទៅជាខ្លាញ់ដើម្បីបំពេញកម្រិតជាតិគ្លុយកូសជាហេតុនាំឲ្យកើនទម្ងន់។ ដើម្បីជៀសវាងបញ្ហានេះ ចូរព្យាយាមទទួលទានគ្រាប់ធញ្ញជាតិសុទ្ធមិនកែច្នៃ បន្លែផ្លែឈើស្រស់ៗ។ ជៀសវាងជាតិអាល់កុល ឬគ្រឿងស្រវឹង។ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងជៀសវាងការទទួលទានសាច់ប្រភេទកែច្នៃ។

៧. អ័រម៉ូន Leptin ៖ ជាអ័រម៉ូនចាត់ចែងធ្វើឲ្យមានតុល្យភាពថាមពលនៅក្នុងរាងកាយដោយកាត់បន្ថយការឃ្លាន។ ប៉ុន្តែនៅពេលយើងទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករនោះការបញ្ចេញសារធាតុ Fructose ត្រូវបានបំលែងទៅជាជាតិខ្លាញ់ដែលត្រូវបានរក្សាទុកនៅក្នុងថ្លើម ក្បាលពោះ និងផ្នែកផ្សេងៗនៃរាងកាយ។ កោសិកាខ្លាញ់ទាំងនេះលាក់ leptin។ Leptin ត្រូវលាក់ទុកច្រើនប៉ុណ្ណា រាងកាយនឹងកាន់តែមិនស្គាល់អំពីវាប៉ុននោះ។ បញ្ហានេះនឹងបណ្ដាលឲ្យអ្នកទទួលទានមិនឈប់។ ដើម្បីជៀសវាង ចូរកាត់បន្ថយ ឬឈប់ទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ។ ទទួលទានផ្លែឈើមិនលើសពី ៣ ផ្លែក្នុងមួយថ្ងៃ។ ព្យាយាមទទួលទានបន្លែមានស្លឹកបៃតងដិត។ ជៀសវាងអាហារកែច្នៃ ហើយគេងឲ្យបានពី ៧ ទៅ ៨ ម៉ោង រៀងរាល់យប់។ ហើយកុំភ្លេចទទួលទានទឹកឲ្យបានគ្រប់គ្រាន់!

៨. អ័រម៉ូន Ghrelin ៖ បញ្ចេញដោយក្រពះ ghrelin ត្រូវបានគេស្គាល់ថាជាអ័រម៉ូនឃ្លាន។ ហ្គ្រេលីន (Ghrelin) រំញោចចំណង់អាហារ និងបង្កើនការបញ្ចេញជាតិខ្លាញ់។ កម្រិតហ្គ្រេលីន គឺនឹងឡើងខ្ពស់នៅពេលអ្នកមានរបបអាហារតឹងតែង ឬខណៈពេលតមអាហារ។ ដើម្បីជៀសវាងបញ្ហានេះ ចូរធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ទទួលទានទឹកធម្មតា ១កែវកន្លះ មុនពេលបាយ ២០ នាទី។ ទទួលទានបន្លែផ្លែឈើស្រស់ៗ និងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន។

៩. អ័រម៉ូនមេឡាតូនីន (Melatonin) ៖ ជាអ័រម៉ូនគ្រប់គ្រងការគេង និងភ្ញាក់ដឹងខ្លួន។ ខណៈពេលគេងលក់រាងកាយបញ្ចេញនូវអ័រម៉ូនលូតលាស់ដែលជួយរាងកាយឲ្យជាសះស្បើយ កែប្រែសមាសភាពរាងកាយ និងបង្កើតសាច់ដុំគ្មានខ្លាញ់។ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬត្រឹមត្រូវទេនោះ ដំណើរការនៃការព្យាបាលរបស់រាងកាយនឹងត្រូវទទួលការរំខានបណ្ដាលឲ្យកើតមានភាពតានតឹងក្នុងអារម្មណ៍ ហើយនៅទីបំផុតនាំអោយកើនទម្ងន់។ ដើម្បីជៀសផុតពីបញ្ហានេះ អ្នកមិនគួរទទួលទានអាហារផ្សេងៗខណៈពេលយប់ជ្រៅ ឬនៅមុនពេលចូលគេងឡើយ។ គេងឲ្យបានគ្រប់គ្រាន់ និងគេងក្នុងកន្លែងដែលគ្មានពន្លឺ ហើយត្រជាក់។ បិទឧបករណ៍គ្រឿងអេឡិចត្រូនិកឲ្យអស់មុនគេង៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside