ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តមួយរបស់ថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៥ ម៉ឺននាក់

    BY autoadmin December 3, 2020
    ខេត្តមួយរបស់ថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៥ ម៉ឺននាក់

    ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ខេត្ត Nakhon Si Thammarat ភាគខាងត្បូងនៃប្រទេសថៃ កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន ៦ថ្ងៃ ជាប់ៗគ្នា។ បើតាមលោក Kraisorn Wisitwong ដែលជាអភិបាលខេត្តដ៏ធំរបស់ថៃមួយនេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ៣៥១ ស្ថិតនៅក្នុងស្រុកចំនួន ១៥ ផ្សេងគ្នា ដែលក្នុងនោះវាបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ១៦ ៧០៩ គ្រួសារ ឬស្មើនឹងពលរដ្ឋសរុបចំនួន ៤៧ ៩៣៩ នាក់។ អភិបាលខេត្តរូបនេះបានបន្តថា មានផ្ទះចំនួន  ៨ខ្នង ត្រូវបានទឹកជំនន់បំផ្លាញខ្ទេចខ្ទីតែម្តង ហើយស្រែចំការរបស់ប្រជាពលរដ្ឋសរុបប្រមាណជា ៤៦៦ គីឡូម៉ែត្រការ៉េ ក៏ត្រូវបានបំផ្លាញដោយទឹកជំនន់ផងដែរ។

    យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់រកឃើញតួលេខអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិមួយនេះនៅឡើយទេ ហើយបញ្ហាដែលគេកំពុងតែប្រឈមនៅពេលនេះគឺទឹកជំនន់នៅបន្តឡើងក្នុងកម្រិតពី ៧០-១០០ សង់ទីម៉ែត្រ នៅលើផ្លូវថ្នល់ ដែលវាជាឧបសគ្គដ៏ធំមួយក្នុងការធ្វើដំណើរសម្រាប់ពលរដ្ឋទូទៅ និងអាជ្ញាធរដែលត្រូវចុះទៅជួយប្រជាពលរដ្ឋ។ ជាងនេះទៅទៀតខេត្តមួយនេះក៏ត្រូវប្រឈមនឹងបញ្ហាសំខាន់មួយទៀតផងដែរក្រោយពីទឹកស្រកអស់វិញ គឺការខ្វះខាតស្បៀងអាហារនិងបញ្ហាសេដ្ឋកិច្ច ព្រោះតែផលដំណាំស្រែចំការរបស់ពលរដ្ឋភាគច្រើនត្រូវបានទឹកជំនន់បំផ្លាញខ្ទេចខ្ទីអស់ហើយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: