ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកកំពុងពិនិត្យមើលទិន្នន័យវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ដើម្បីលទ្ធភាពក្នុងការចុះបញ្ជីឱ្យមានការប្រើប្រាស់ជាបន្ទាន់

    BY autoadmin December 3, 2020
    អង្គការសុខភាពពិភពលោកកំពុងពិនិត្យមើលទិន្នន័យវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ដើម្បីលទ្ធភាពក្នុងការចុះបញ្ជីឱ្យមានការប្រើប្រាស់ជាបន្ទាន់

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ខ្លួនបានទទួលទិន្នន័យពីក្រុមហ៊ុន Pfizer និង BioNTech ស្តីពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ហើយអង្គការកំពុងពិនិត្យមើលទិន្នន័យទាំងនោះ សម្រាប់លទ្ធភាពដែលវ៉ាក់សាំងអាចនឹងត្រូវ «ចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់» ដើម្បីជាចំណុចគោលមួយ អាចឱ្យប្រទេសនានាចុះបញ្ជីវ៉ាក់សាំងនេះនៅក្នុងប្រទេសរបស់ពួកគេ។

    យោងតាមនិយតកររបស់ចក្រភពអង់គ្លេស ទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា អង្គការសុខភាពពិភពលោកក៏កំពុងពិភាក្សាជាមួយខ្លួន ស្តីពីលទ្ធភាពនៃការទទួលបានព័ត៌មានមួយចំនួន ពីការវាយតម្លៃរបស់ MHRA ដែលអាចពន្លឿនការចុះបញ្ជីបន្ទាន់របស់អង្គការសុខភាពពិភពលោកផងដែរ។

    រំលឹកដែរថាអង់គ្លេសបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer និង BioNTech កាលពីថ្ងៃពុធ ដោយនាំមុខសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបផ្សេងទៀត ក្លាយជាប្រទេសដំបូងបង្អស់របស់លោកខាងលិចក្នុងការគាំទ្រជាផ្លូវការនូវការចាក់ថ្នាំបង្ការ COVID-19 ដែលខ្លួនបាននិយាយថា គួរតែទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុតនៅដើមសប្តាហ៍ក្រោយ។

    លោក Mike Ryan អ្នកជំនាញបន្ទាន់របស់អង្គការសុខភាពពិភពលោក បានស្វាគមន៍ចំពោះព័ត៌មាននេះដោយបន្ថែមថា៖«យើងមិនគួរបញ្ឈប់ទេ យើងត្រូវការវ៉ាក់សាំងច្រើនជាង ៣-៤ »។ លោកបានប្រាប់បន្ដថា៖ «យើងត្រូវបង្កើនផលិតកម្ម យើងត្រូវទាញតម្លៃឱ្យចុះថ្លៃ ហើយយើងត្រូវការវ៉ាក់សាំងដែលត្រូវចាក់តែមួយដូស»៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: