រដ្ឋាភិបាលអង់គ្លេសធានានឹងសងថ្លៃខូចខាតដល់ពលរដ្ឋណាម្នាក់ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយមានការធ្វើទុក្ខពេលក្រោយ
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេសនឹងបង់ប្រាក់ឱ្យបុគ្គលដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្រោមកម្មវិធីដែលមានស្រាប់ នៅមុនពេលមានការចាក់ថ្នាំបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech ដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។ នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គមបាននិយាយថា ជំងឺ COVID-19 នឹងត្រូវចុះចូលក្នុងបញ្ជីរបស់កម្មវិធី «គ្រោងការណ៍ការទូទាត់ការខូចខាតបន្ទាប់ពីចាក់វ៉ាក់សាំង» (VDPS) ដើម្បីឱ្យមានការសងសំណង ចំពោះពលរដ្ឋដែលបានទទួលយកការចាក់វ៉ាក់សាំងបង្ការ ដែលរៀបចំដោយរដ្ឋាភិបាល។ វាបានបន្ថែមទៀតថា វ៉ាក់សាំងនឹងត្រូវដាក់ពង្រាយបាន លុះត្រាតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

VDPS របស់ចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ហើយកម្មវិធីនេះគ្របដណ្តប់លើជនរងគ្រោះដែលមានការធ្វើទុក្ខធ្ងន់ធ្ងរបណ្តាលមកពីការចាក់វ៉ាក់សាំងទូទៅ ដូចជាអ្នកដែលចាក់វ៉ាក់សាំងប្រឆាំងជំងឺកញ្ជ្រិល គ្រុនផ្តាសាយ ជំងឺអុតតូច និងតេតាណូស -ល- ។ ក្នុងឆ្នាំ២០០៩ វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយជ្រូក H1N1 ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះជាបន្ទាន់ផងដែរ។ ស្ថិតក្រោមគ្រោងការណ៍នេះ បុគ្គលម្នាក់ៗមានសិទ្ធិទទួលបានកញ្ចប់ប្រាក់ចំនួន ១២០,០០០ ផោន (១៦១,៦៧៦ ដុល្លារអាមេរិក) ប្រសិនបើពួកគេធ្វើទុក្ខធ្ងន់ធ្ងរដោយសារការចាក់វ៉ាក់សាំង។ ប្រទេសអង់គ្លេសក៏បាននិយាយដែរថា ខ្លួននឹងបន្តត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំងរបស់ Pfizer និង BioNTech បន្ទាប់ពីប្រទេសនេះបានក្លាយជាប្រទេសទីមួយនៅលើពិភពលោក ដែលបានអនុម័តឱ្យប្រើវ៉ាក់សាំងការពារបង្ការជំងឺ COVID-19 ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ