ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកចំនួន ៣រូប បានបង្ហាញពីឆន្ទៈក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីជំរុញឱ្យពលរដ្ឋទុកចិត្តលើការចាក់វ៉ាក់សាំងនេះ

    BY autoadmin December 4, 2020
    អតីតប្រធានាធិបតីអាមេរិកចំនួន ៣រូប បានបង្ហាញពីឆន្ទៈក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីជំរុញឱ្យពលរដ្ឋទុកចិត្តលើការចាក់វ៉ាក់សាំងនេះ

    អតីតប្រធានាធិបតីអាមេរិកចំនួន ៣រូប បាននិយាយថា ពួកគេមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ក្នុងគោលបំណងដើម្បីដោះស្រាយការព្រួយបារម្ភ អំពីសុវត្ថិភាពនៃវ៉ាក់សាំងដែលបានបង្កើតថ្មី។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុមួយ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បាននិយាយថា៖«នៅពេលវ៉ាក់សាំងត្រូវបានបង្កើតឡើងសម្រាប់មនុស្សមានហានិភ័យតិច ខ្ញុំសន្យានឹងអ្នកថាខ្ញុំនឹងទទួលយកវា»។ លោក អូបាម៉ា បានបន្ថែមទៀតថា លោកអាចធ្វើការចាក់វ៉ាក់សាំងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ឬឱ្យថតសកម្មភាពនោះ ដើម្បីឱ្យប្រជាជនដឹងថាគាត់ទុកចិត្តវ៉ាក់សាំង។

    របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា អតីតប្រធានាធិបតីលោក ចច ដាប់ប៊លយូប៊ូស និងលោក ប៊ីល គ្លីនតុន ក៏បាននិយាយតាមរយៈអ្នកនាំពាក្យរបស់ពួកគេដែរថា ពួកគេមានឆន្ទៈក្នុងការទទួលយកវ៉ាក់សាំងដើម្បីជំរុញឱ្យជនជាតិអាមេរិកធ្វើដូចគ្នា។ ចំណែកលោកស្រី Ivanka Trump ដែលជាកូនស្រីច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងជាទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានបានកោតសរសើរចំពោះការសន្យារបស់អតីតប្រធានាធិបតី ហើយលោកស្រីមានប្រសាសន៍ថា ការប្រកាសទាំងនេះនឹងជួយធានាដល់សាធារណជនថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។

    វាទំនងជាអាចមានការចាក់វ៉ាក់សាំងផ្តោតលើបុគ្គលិកថែទាំសុខភាព ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែនេះនៅសហរដ្ឋអាមេរិក ប៉ុន្តែទោះយ៉ាងណាមតិសាធារណៈហាក់ដូចជាមានការចម្រូងចម្រាស។ ជាក់ស្ដែងការស្ទង់មតិរបស់ Gallup ធ្វើឡើងចាប់ពីខែតុលាដល់ដើមខែវិច្ឆិកាបានរកឃើញថា ៥៨% នៃអ្នកឆ្លើយតបបានពេញចិត្តក្នុងការទទួលយកវ៉ាក់សាំង ខណៈ ៤២% បានជំទាស់ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងហេតុផលផ្សេងទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: