ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្ស ៧ នាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ២,៥ សែនគ្រួសារ

    BY autoadmin December 4, 2020
    ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្ស ៧ នាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ២,៥ សែនគ្រួសារ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានពលរដ្ឋថៃចំនួន ៧ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលកំពុងវាយប្រហារខេត្តចំនួន ៩ នៅភាគខាងត្បូងនៃប្រទេសថៃ ដែលទឹកជំនន់នេះបង្កឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃកន្លងមកនេះ។ បើតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ក្នុងខេត្តចំនួន ៩ ខាងលើនេះគឺខេត្ត Nakhon Si Thammarat បានរងផលនូវប៉ះពាល់ខ្លាំងជាគេ ហើយគ្រាន់តែក្នុងខេត្តមួយនេះតែម្នាក់ឯងមានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតចំនួន ៤ នាក់ទៅហើយ។ ក្រៅតែពីមានតួរលេខអ្នកស្លាប់ ខេត្ត Nakhon Si Thammarat ក៏បានរងផលប៉ះពាល់ជាច្រើនទៀតដូចជា ទឹកទំនន់បានកាត់ផ្ដាច់ផ្លូវសំខាន់ៗជាច្រើន បំផ្លាញផលដំណាំស្រែចំការរបស់ប្រជាពលរាប់រយគីឡូម៉ែត្រការ៉េ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៥ ម៉ឺននាក់ផងដែរ។

    ដោយឡែកខេត្តទាំង ៨ ផ្សេងទៀតដែលកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដែរនោះរួមមានខេត្ត Surat Thani, Phatthalung, Trang, Satun, Songkhla, Pattani, Yala និងខេត្ត Narathiwat ហើយបើគិតជាផលប៉ះពាល់សរុបរួមរហូតមកទល់នឹងពេលនេះ គឺមានប្រជាពលរដ្ឋចំនួន ២៦១ ២៥៣ គ្រួសារ រស់នៅក្នុងស្រុកចំនួន ៧០ ផ្សេងគ្នា កំពុងរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយនេះ។ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិមួយនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន រួមទាំងបញ្ជាឲ្យក្រុមការងារសង្គ្រោះបន្ទាន់ត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាពក្នុងករណីដែរចាំបាច់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖បាងកកប៉ុស្តិ៍

     

    Share This Post: