ទៀតហើយ! មនុស្ស ៨នាក់បាត់បង់ជីវិត ក្រោយផឹកស្រាមិនឆ្អែត យកទឹកអាល់កុលលាងដៃមកផឹកបន្ថែមក្នុងពិធីជប់លៀង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា មនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេបានផឹកទឹកអាល់កុលលាងដៃ ក្រោយពេលដែលអស់ស្រាផឹកបន្ដទៀត នៅក្នុងពិធីជប់លៀងមួយ នៅតំបន់ដាច់ស្រយាល Tomtor ក្នុងប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ជនរងគ្រោះដែលស្លាប់រួមមានប្ដីប្រពន្ធមួយគូ ដែលឥឡូវនេះកូនៗទាំង ៥ របស់ពួកគេត្រូវរស់នៅកំព្រាឪពុកម្តាយ។ ប្រភពបាននិយាយថា ស្រ្តីជាប្រពន្ធមានអាយុ ៤៨ឆ្នាំ គឺជាជនរងគ្រោះចុងក្រោយបង្អស់ដែលបានស្លាប់ ក្រោយពេលដែលជាតិអាល់កុលបានបំផ្លាញប្រព័ន្ធខាងក្នុងរបស់គាត់។

អ្នកស្លាប់ដទៃទៀតរួមមាន៖ ប្ដីរបស់ស្ត្រីរងគ្រោះចុងក្រោយ, បុរស ៤នាក់ មានអាយុចន្លោះពី ២៧-៦៩ ឆ្នាំ, ស្ត្រីអាយុ ៤១ ឆ្នាំ និងមនុស្សម្នាក់ទៀតដែលមិនបានផ្ដល់អត្តសញ្ញាណ។ ក្រៅពីជនរងគ្រោះដែលស្លាប់ទាំង ៨នាក់ នៅមានជនរងគ្រោះម្នាក់ទៀត ដែលមានអាយុ ៣២ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែយ៉ាងណាគាត់ទំនងជានឹងត្រូវពិការភ្នែក។ នៅមានជនរងគ្រោះម្នាក់ទៀតដែលកំពុងសម្រាកព្យាបាលដោយសារផឹកអាល់កុលដូចគ្នា ប៉ុន្តែគាត់មិនមែនជាអ្នកចូលរួមពិធីជប់លៀងនោះទេ។
ប្រភពដដែលបាននិយាយថា អាកុលដែលពួកគេបានផឹកគឺមិនមែនជាប្រភេទអេតាណុលនោះទេ ប៉ុន្តែជាប្រភេទមានផ្ទុកមេតាណុលរហូតដល់ទៅ ៦៩% ដែលវាត្រូវបានប្រើជាសារធាតុរំលាយ ថ្នាំសម្លាប់សត្វល្អិត និងពេលខ្លះជាប្រភពឥន្ធនៈ ហើយបើទោះជាប្រើសម្រាប់ជាអាល់កុលលៀងដៃ ក៏គេប្រើវាតែ ៣.៥% នៃសារធាតុមេតាណុលដែរ។ ដូច្នេះមានន័យថា សារធាតុនេះគឺពុលសម្រាប់មនុស្ស មិនដូចជាប្រភេទអេតាណុលនោះទេ ដែលជាទូទៅត្រូវបានគេប្រើក្នុងស្រាបៀរ ស្រាក្រហម និងគ្រឿងស្រវឹងផ្សេងៗ។
ជាមួយគ្នានេះដែរមន្ត្រីប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះថា Alexander Kalinin អាយុ ៤៤ឆ្នាំ នៅតំបន់ Sverdlovsk ដែលបានផ្គត់ផ្គងលក់អាល់កុលប្រភេទនេះ ដែលគោលដៅលក់របស់គាត់គឺសាលាមត្តេយ្យ សាលារៀន កន្លែងអាជីវកម្ម និងពន្ធនាគារ។ ឥឡូវគាត់កំពុងត្រូវឃុំខ្លួនក្នុងផ្ទះ ខណៈប្រឈមនឹងការជាប់គុក ៦ឆ្នាំ ប្រសិនបញ្ជាក់ថាមានពិរុទ្ធ ហើយការស៊ើបអង្គេតកំពុងបន្ដផងដែរ។ ប៉ូលីសក៏បានរឹបអូសអាល់កុលប្រភេទនេះជិត ៤,៨០០លីត្រ ហើយពួកគេជឿថា នៅមានជាច្រើនផ្សេងទៀតដែលកំពុងចរាចរលក់ដោយខុសច្បាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail