ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងប្រហារជីវិតពលរដ្ឋម្នាក់ បន្ទាប់ពីបានបំពានវិធានការទប់ស្កាត់ជំងឺកូវីដ១៩

    BY autoadmin December 5, 2020
    កូរ៉េខាងជើងប្រហារជីវិតពលរដ្ឋម្នាក់ បន្ទាប់ពីបានបំពានវិធានការទប់ស្កាត់ជំងឺកូវីដ១៩

    កូរ៉េខាងជើង៖ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានកាត់ទោសប្រហារជីវិតពលរដ្ឋម្នាក់ ដែលបានបំពានទៅនឹងវិធានការទប់ស្កាត់ជំងឺ COVID-19 ។ ប្រភពខាងលើបានបន្តថា ការកាត់ទោសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយរបៀបនៃការប្រហារជីវិតគឺដោយដាក់អ្នកទោសនៅកន្លែងប្រហារជីវិតជាសាធារណៈ បន្ទាប់មកទៀតក្រុមយោធានឹងបើកការបាញ់កាំភ្លើងព្រមគ្នាទៅលើអ្នកទោសតែម្តង។

    ការសម្រេចអនុវត្តទោសជាសាធារណៈដូចនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់ព្រមានដល់ពលរដ្ឋផ្សេងទៀតឲ្យមានការកោតខ្លាច និងមិនហ៊ានធ្វើសកម្មភាពល្មើសបទបញ្ជាដូចអ្នកទោសរូបនោះទៀត។ គួរឱ្យដឹងដែរថាប្រទេសនេះនិយាយថា ខ្លួនមិនមានករណីនៃជំងឺ COVID-19 នោះទេ ប៉ុន្តែបានដាក់ពង្រាយយោធាតាមព្រំដែន ហើយបញ្ជាឱ្យមានការបាញ់ទៅលើអ្នកណាដែលហ៊ានលួចឆ្លងដែន ដើម្បីជាការបង្ការការរីករាលដាល។

    សូមបញ្ជាក់ជូនថា អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង ៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តិនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ដោយសារតែគាត់ខ្លាចគេដឹកពីអត្តសញ្ញាណពិតប្រាកដរបស់គាត់៕

    អត្ថបទ៖ភក្តី
    ប្រភព៖ Daily Mail

    Share This Post: